(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់អធិការខណ្ឌ ចំនួន៣រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ព្រមទាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដែលមានស្នាដៃខ្ពស់ ក្នុងយុទ្ធនាការបង្រ្កាប បទល្មើសគ្រឿងញៀន ខុសច្បាប់លើកទី១កន្លងមកនេះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូននគរបាលរាជធានីភ្នំពេញ ចំនួន១១១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៦១នាក់ ចាប់ពីនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល រហូតដល់នាយរងការិយាល័យ និងបំពាក់ឋានន្ដរស័ក្ដិ វរសេនីយ៍ត្រី វរសេនីយ៍ទោ ចំនួន៥០នាក់ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ជួន សុវណ្ណ បានបន្តថា ប្រាក់រង្វាន់លើកទឹកចិត្តដល់អធិការខណ្ឌទាំង៣ និងការិយាល័យប្រឆាំងគ្រឿងញៀន មានចំនួនចាប់ពី២លានរៀល រហូតដល់២០លានរៀល (អធិការខណ្ឌពោធិ៍សែនជ័យ) ស្របតាមស្នាដៃរបស់ពួកគាត់ខិតខំប្រឹងប្រែង កន្លងមកដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន បានផលល្អគួរជាទីគាប់ចិត្ត។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តន៍ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី២ និងផែនការសកម្មភាពសម្រាប់អនុវត្តរយៈពេល៦ខែ គិតពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
តាមរបាយការណ៍ដែលបង្ហាញបានឲ្យដឹងថា ចំពោះលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ នេះកម្លាំងសមត្ថកិច្ចបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤៣៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៩៤នាក់ និងចាប់យកសារធាតុញៀន គ្រប់ប្រភេទសរុប ជិត១២០គីឡូក្រាម ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនទៀត។ ដោយឡែកក្នុងនោះ បានបង្ក្រាបចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី៕