(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមកពន្យល់បន្ថែមថា ការប្រើប្រាស់ ពាក្យពេចន៍ «បាក់ធ្មេញ» «គល់ឬស្សី» ឬ «មឈូស» ដែលធ្វើឡើងដោយឥស្សរជនកម្ពុជា កន្លងទៅនោះ គឺជាភាសាសាមញ្ញ មិនមែនជាការបំផិតបំភ័យនោះទេ ប៉ុន្តែជាការព្រមាន ឬក្រើនរំលឹកដល់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តល្មើសតទៅទៀត។
ការចេញមុខបកស្រាយរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានបន្តចុះផ្សាយនូវការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលថា អ្នកណាដែលមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត នៅឆ្នាំ២០១៨ នឹងត្រូវក្បាលនឹងគល់ឫស្ស៊ី ក៏ដូចជាការចុះផ្សាយនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ដែលព្រមានដល់ក្រុមអ្នកប្រព្រឹត្តល្មើសច្បាប់ផងដែរ។
លោក ផៃ ស៊ីផាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម រួមទាំងអ្នកវិភាគមួយចំនួននោះ បាននិងកំពុងព្យាយាមបំភ្លៃន័យដើម នៃសម្តីដ៏សាមញរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតឱ្យមានស្ថានការណ៍អាក្រក់ ដែលអាចចាត់ទុកថា ជាយុទ្ធនាកាធ្វើឱ្យមតិសាធារណៈជាតិ និងអន្តរជាតិ មើល ឃើញកម្ពុជាអាក្រក់។
លោកលើកឡើងថា «ខ្ញុំបានសង្កេតឃើញ អ្នកមាននិន្នាការមិនស្រប និងរាជរដ្ឋាភិបាលក៏ដូចជាអ្នកតាំងខ្លួនអង្គឯង ជាអ្នកវិភាគនយោបាយ ដែលមានចរិត តតាំងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយយកពាក្យពេចន៍របស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៅក្នុង ជួររាជរដ្ឋាភិបាលមក ដែលគេបានបំភ្លៃ ន័យនិងបំណងដើម ដោយអ្នកទាំងនោះ កែច្នៃ លាបពណ៌ ធ្វើឱ្យសាធារណជនយល់ច្រឡំ ថាជាការប្រើប្រាស់ពាក្យទាំងនោះ ដែលធ្វើឱ្យមាន «ការភិតភ័យ» (Threat)។ នោះរាប់ទាំង មន្ត្រីអង្គការសហប្រជាជាតិ ក៏យល់ខុស វង្វេង តាមអ្នកបកប្រែ ដែលមាននិន្នាការ នៃបណ្តាអ្នកសារព័ត៌មានតតាំងមួយចំនួន «Bias Reporters» ផងដែរនោះ គឺរឹតតែបង្កើតអោយមានស្ថានការណ៍ អាក្រក់ ដែលអាចចាត់ទុកថាជាយុទ្ធនាការ ធ្វើអោយមតិសាធារណៈមើល ឃើញកម្ពុជាអាក្រក់»។
លោកបានបន្តថា «សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាឥស្សរជនជាន់ខ្ពស់ ដែលលោកបានលើកឡើងនូវពាក្យទាំងនោះជា សាធារណៈ គឺមិនមានគោលដៅនៃបំណង (បំភិតបំភ័យអ្នកណាម្នាក់នោះ ឡើយ) អាស្រ័យដោយឥរិយាបថ និងការពិសោធន៍របស់ឥស្សរជន ទាំងនោះ ជាអ្នកលះបង់ រំដោះ និងការពារជីវិតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ និន្នាការ ឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ននេះ គឺផ្ទុយ និងខុសគ្នាស្រឡះពីសកម្មភាព និងការប្រើប្រាស់ពាក្យពេចន៍ របស់បនប្រល័យ ប៉ុល ពត។ ការប្រើប្រាស់ពាក្យរបស់ឥស្សរជនដូចជា៖ «បាក់ធ្មេញ» «គល់ឬស្សី» ឬ «មឈូស» ជាដើមនោះ គឺជាភាសាសាមញ្ញតែប៉ុណ្ណោះ ដែលប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់គ្រប់ស្រទាប់នៃជីវិត ដែលមិនគួរបំភ្លៃ ញុះញង់ ចោទប្រកាន់នោះទេ»។
លោកបានបន្តទៀតថា ពាក្យទាំងអស់នេះ ជាពាក្យសាមញ្ញ ក្នុងកិច្ច «ព្រមាន» ប្រាប់ ឬរំលឹក ឱ្យដឹងជាមុន ក្នុងកិច្ចបញ្ជៀស នៅក្នុងការប្រព្រឹត្តល្មើស ដែលស្មើនឹងពាក្យអង់គ្លេស «Warning»។ ត្បិតរឿងដែលត្រូវតែលើកឡើង រំឭកខានពុំនោះ គឺវាមានសកម្មភាពបានប្រព្រឹត្តល្មើសកាលពីមុន ហើយក៏មិនអនុញ្ញាត ឱ្យមានករណីនេះច្រំដែលទៀតបានឡើយ។ ហេតុដូចនេះ ពាក្យដែលបានប្រើប្រាស់ទាំងអស់នោះ គឺពុំមានន័យ ឬបំណង ក្នុងការបំភិតបំភ័យនោះឡើយ ដែលស្របនិងពាក្យអង់គ្លេសថា “Threat”»៕