(ភ្នំពេញ)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក កែន សម្បត្តិ បានប្រកាសណែនាំឲ្យអាជីវករទាំងអស់ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា អនុវត្តឲ្យបានពេញលេញ នូវរាល់កាតព្វកិច្ចសារពើពន្ធ ទាំងការចុះបញ្ជីពន្ធដារ ក៏ដូចជាការដាក់លិខិតប្រកាស រួមទាំងការបង់ពន្ធតាមការកំណត់របស់ច្បាប់ និងបទប្បញ្ញត្តិនានា។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយរងពន្ធដារ ធ្វើឡើងនាឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានពន្ធដារ ជាមួយម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងធ្វើសកម្មភាពសេដ្ឋកិច្ច នៅក្នុងបរិវេនផ្សារទំនើប អ៊ីអនម៉លភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ព្រមទាំងវិធាន និងនីតិវិធីនៃការចុះបញ្ជីពន្ធដារ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ព្រមទាំងវិធាន និងនីតិវិធីនៃការចុះបញ្ជីពន្ធដារ។
លោក កែន សម្បត្តិ បានបានរំលេចអំពីការលើកទឹកចិត្ត ឱ្យមានការចូលរួមបង់ពន្ធ ព្រមទាំងជម្រាបជូន អង្គប្រជុំអំពីគោលនយោបាយ សារពើពន្ធ របស់រាជរដ្ឋាភិបាល ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី ឬតម្លើងអត្រាពន្ធជាដើម។
លោកថា ក្នុងនាមជាសេនាធិការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបំពេញភារកិច្ចក្នុងនាមជា រដ្ឋបាលសារពើពន្ធ យ៉ាងសកម្មប្រកបដោយជីវភាព បុរេសកម្ម និងអន្តរសកម្ម សំដៅបន្តធានាបាននូវកំណើនចំណូលពន្ធដារប្រកប ដោយចីរភាព និងសមធម៌។
លោកបានបញ្ជាក់ឲ្យដឹងថា ការបំពេញកាតព្វកិច្ចសារពើពន្ធ របស់ប្រជាពលរដ្ឋមានភាពចាំបាច់ណាស់ ចំពោះអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីទ្រទ្រង់នូវចំណាយសាធារណៈ រួមទាំងការបន្តអភិវឌ្ឍប្រទេសផងដែរ។
លោក កែន សម្បត្តិ បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់តំណាងផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ព្រមទាំងម្ចាស់ អាជីវករទាំងអស់ ដែលបានចូលរួមញ៉ាំងឱ្យកម្មវិធីនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្វែងយល់ពីគ្នា និងយោគយល់គ្នាទៅវិញទៅមក៕