(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយនៅវេលាម៉ោង ៣៖២៧នាទីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចអស់រយៈពេល៣ថ្ងៃនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាម ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។
ដំណើរអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការអញ្ជើញទទួលដំណើរពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។
ក្នុងដំណើបំពេញទស្សនកិច្ចផ្លូវការលើកទី២១ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសជប៉ុនគិតចាប់តាំងពីឆ្នាំ១៩៩០មកនោះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសការពង្រឹង ពង្រីកបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលមានចំណងមិត្តភាពជាមួយគ្នារយៈពេល៦០ឆ្នាំមកហើយនោះ។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសជប៉ុននេះ សម្តេចតេជោ បានចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន ព្រះ អង្គម្ចាស់ Naruhito និងបានជួបប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzho Abe។ ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ បានអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីចុះអនុស្សារណៈលើឯកសារសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ឋកាពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហុ។
សម្តេចតេជោ ក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុន លើគម្រោងឲ្យមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅរាជធានីភ្នំពេញ ហើយភាគីជប៉ុន ក៏បានព្រមព្រៀងជួយសិក្សាលើគម្រោងនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់ជប៉ុន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដើម្បីកែច្នៃឲ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូចប្រទេសជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានកសាងប្រទេសចេញពីភ្លើងសង្រ្គាម ក៏បាន ជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ ហើយបានអំពាវនាវដល់អ្នកវិនិយោគទាំងអស់នោះ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។
តាមរយៈការធានាអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ពីគោលនយោបាយលើកទឹកចិត្ត និងគាំពារចំពោះអ្នកវិនិយោគបរទេសនោះ មានអ្នកវិនិយោគជប៉ុនជាច្រើនចាប់អារម្មណ៍បណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុននេះ ក៏ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ជាមួយនឹងការអនុគ្រោះលើការនិយោគ។
សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ បានសន្យាប្រឹងប្រែងជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងជាង ២,០០០លានដុល្លារនៅឆ្នាំខាងមុខ ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាជួយកម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អនឹងគ្នាជាយូរយារមកហើយ គឺចាប់តាំងពីឆ្នាំ១៩៥៣ ហើយចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុន បានបញ្ជូនកងទ័ពចេញក្រៅប្រទេសជាលើកដំបូង មកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាព កាលពីឆ្នាំ១៩៩២ ដែលគិតមកទល់ពេលនេះគឺមានរយៈពេល ២៥ឆ្នាំហើយ។
ទំនាក់ទំនងកម្ពុជា-ជប៉ុន បានរីកលូតលាស់ជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៣។ គិតចាប់ពីឆ្នាំ១៩៩០ មកដល់ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន ២១លើកហើយ។
ដោយឡែកសម្រាប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ ចាប់តាំងពីឆ្នាំ២០០៧មក គឺមានចំនួន ៨លើកហើយ។
តាមរយៈទំនាក់ទំនាក់ទំនងទាំងក្របខណ្ឌប្រទេស និង ប្រទេស ក៏ដូចជាលក្ខណៈជាបុគ្គល និង បុគ្គលនេះ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៧ ចំពេលពេលខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ផងនោះ លោក ស៊ិនហ្សូ អាបេ បានរៀបចំធ្វើពិធីអបអរខួបកំណើតជូនសម្តេចប្រកបដោយភាពភ្ញាក់ផ្អើល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្លុំពន្លត់ភ្លើងទានលើនំខួបកំណើត ដែលរៀបចំដោយលោក អាបេ គឺជាលើកដំបូងហើយសម្រាប់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានហៅការរៀបចំខួបកំណើតជូនសម្តេចនៅលើទឹកដីជប៉ុននេះ គឺជាបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ខណៈប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងនាំមកផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ។
សូមរំលឹកថា បច្ចុប្បន្ននេះមានក្រុមហ៊ុនជប៉ុនចំនួន ១២៨ក្រុមហ៊ុនហើយ បានបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានទុនសរុបប្រមាណ ២ពាន់ ៧២៨លានដុល្លារជាប់ចំណាត់ថ្នាក់ទី៩ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ១៥០០លានដុល្លារអាមេរិក៕