(ភ្នំពេញ)៖ បុរសជាកម្មករសំណង់ម្នាក់ កំពុងតែធ្វើការស្រាប់តែរអិលជើងធ្លាក់ពីលើផ្ទះល្វើងជាន់ទី២ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ ក្នុងឈាមទាំងថ្លង់ យ៉ាងអាណោចអាធម៌ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចបុរី៩៩៩ ផ្ទះលេខ៩០៧ ក្បែរផ្ទះសំណាក់ «រស្មីរាជរ័ត្ន» ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ុត បឿន អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណាង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឡើងលើដំបូលផ្ទះជាន់ទី២ ជាមួយកម្មករ ២នាក់ទៀត ឈ្មោះ ជួន ពៅ និងឈ្មោះ ឡុង ណែត។ បន្ទាប់មកជនរងគ្រោះ បានយកម៉ូទ័រកាត់ឈើ ដើម្បីយកចងខ្សែយោងសម្ភារ សំណង់ ខណៈចុចម៉ូទ័រកាត់ឈើជនរងគ្រោះក៏ភ្ញាក់ស្រាប់តែរអិលជើងធ្លាក់មកខាងក្រោម បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានទាក់ទងឲ្យកម្លាំងជំនាញ មកកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕