(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងមានការឯកភាពក្នុងការទទួលខុសត្រូវផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនោះ អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា បានចេញមកប្រកាសថា រយៈពេល៣ថ្ងៃជាប់គ្នា «ពោលគឺចាប់តាំងពីថ្ងៃទី៦ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ» កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានឃាត់រថយន្ដដឹកដីធុនធំចំនួន៦គ្រឿង ដើម្បីយកមករក្សាទុកជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកបើកបរចេញពីក្រុមហ៊ុន ដេប៉ូបូមខ្សាច់នីមួយៗ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ មិនបានលាងកង់រថយន្ដ និងមិនបានគ្របដណ្ដប់ប៉ាតង់ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដែលអាចធ្វើឲ្យហ៊ាហូរទឹក និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លើសពីនេះលោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ដើម្បីអនុវត្តបានតាមគោលការណែនាំពីសំណាក់ លោក ឃួង ស្រេង និងដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ ចំពោះហានិភ័យពីក្រុមហ៊ុនដេប៉ូបូមខ្សាច់នានា នៅទូទាំងខណ្ឌឫស្សីកែវទាំងអស់ ប្រហែលជាអាចប្រឈមការបិទអាជីវកម្មចោល ជាក់ជាមិនខាន បើក្នុងករណីត្រួតពិនិត្យ ហើយបានរកឃើញថា ពុំមាន «អាជ្ញាប័ណ្ណ» ត្រឹមត្រូវ ហើយមិនគោរតាមលក្ខណៈបទដ្ឋានបច្ចេកទេសដូចជា៖ ការបង្កើតទីតាំងសម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក «ពោលគឺហាមដឹកដីសើម» និងមិនមានការគ្របប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវជាមុនសិន មុននិងចរាចរដឹកដីខ្សាច់ចេញពីដេប៉ូ ព្រោះដើម្បីបង្កាការហ៊ាហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។
ការព្រមានបិទអាជីវកម្មក្រុមហ៊ុនដេប៉ូបូមខ្សាច់ ទូទាំងខណ្ឌឫស្សីកែវបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើង បន្ទាប់ពីមានការឯកភាពពីលោក ជា ពិសី ដើម្បីបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ធ្វើការឃាត់រថយន្ដដឹកដីធុនធំ ជាបនតបន្ទាប់ចំនួន៦គ្រឿង ដែលបើកបរបណ្ដាលឲ្យហ៊ាហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដោយមិនគោរពតាមការណែនាំ នៃលក្ខណៈបទដ្ឋានបច្ចេកទេស ហើយអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋតែម្ដង៕