(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសផ្អាកការសាងសង់លើសំណង់រោងដែក អំពីបេតុងដ៏ធំមួយកន្លែង ជាបណ្ដោះអាសន្នសិន បន្ទាប់ពីមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យ ហើយបានរកឃើញថា ពុំមានលិខិតស្នាម ឬច្បាប់អនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរ និងមន្រ្តីជំនាញ។

លើសពីនេះលោក ជា ពិសី បានបញ្ជាក់ថា ចំពោះសំណង់រោងដែកអំពីបេតុងដ៏ធំមួយកន្លែងខាងលើ ពិតប្រាកដណាស់ត្រូវបានផ្អាក ជាបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែក៏អាចបន្តការសាងសង់វិញបានដែរ លុះត្រាតែស្នើសុំលិខិតច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យបន្តការសាងសង់ទៀតបាន។

លោក ជា ពិសី ប្រកាសបែបនេះនៅពេលបញ្ជាឲ្យមន្ត្រីជំនាញ ដែលពាក់ព័ន្ធមួយចំនួន មានទាំងប្រធានការិយាល័យភូមិបាលសុរិយោដី ខណ្ឌលោក ប៊ុន ឡុង អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក លឹម សាម៉ឺឌី អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ លោក ព្រំ រដ្ឋា និងលោក រិន រតនៈ រួមជាមួយកម្លាំងសណ្ដាប់ធ្នាប់ជាច្រើននាក់ទៀត នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំចុះ ប្រតិបត្តិការត្រួតពិនិត្យ និងឈានទៅដល់ធ្វើការផ្អាកសាងសង់ជាបណ្ដោះអាសន្ន ចំពោះការដ្ឋានសំណង់រោងដែក បេតុងដ៏ធំមួយ ស្ថិតលើផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដែលមានម្ចាស់ឈ្មោះ ឌិត ធាវី បាននិងកំពុងបន្ត សកម្មភាពលួចសាងសង់ ទាំងគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក្រោយពីណែនាំម្ដងហើយម្ដងទៀត ដើម្បីបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន ទើបឲ្យបន្តការសាងសង់ទៀតបាន ប៉ុន្តែមិនព្រមស្ដាប់។

ក្នុងសកម្មភាពចុះផ្អាកការសាងសង់ចំពោះសំណង់រោងដែក អំពីបេតុងដ៏ធំរបស់លោក ឌិត ធាវី ដែលពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរ មូលដ្ឋាន ដែលមានសមត្ថកិច្ចខាងលើនេះ ត្រូវបានលោក ជា ពិសី លើកឡើងថា ដើម្បីអនុវត្តតាមអនុក្រិត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ របស់លោក ឌិត ធាវី ឫជាងសំណង់ ត្រូវផ្អាកការសាងសង់ ជាបណ្ដោះអាសន្ន ហើយចាំបាច់ត្រូវបំពេញបែបបទស្នើសុំលិខតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី-នគរូបនីយកម្ម និងសំណង់ ឫរដ្ឋបាលរាជធានីភ្នំពេញ/រដ្ឋបាលខណ្ឌ ដោយរងចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់ តទៅទៀតបាន។

លោក ជា ពិសី លើឡើងទៀតថា បើក្នុងករណី ម្ចាស់សំណង់ ឬជាងសំណង់ នៅតែបន្តការសាងសង់ទាំងមិនមានលិខិតអនុញ្ញាត នោះរដ្ឋបាលខណ្ឌឫស្សីកែវ និងចាត់វិធានការរដ្ឋបាល ដោយដកសម្ភារ និងឧបករណ៍សំណង់យកមករក្សាទុកជាបណ្ដោះអាសន្ន នៅសាលាខណ្ឌ ហើយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ រួមនិងរាល់ហានិភ័យដែលកើតឡើង ដោយគ្រោះថ្នាក់ ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ ដាច់ខាតម្ចាស់សំណង់ ឬជាងសំណង់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន៕