(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានពន្យល់ថា ប្រទេសដែលបង្ក្រាបទៅលើ អ្នកប្រឆាំងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហួសព្រំដែន រហូតដល់ល្មើសច្បាប់ និងឈានដល់បង្កើតអំពើអនាធិបតេយ្យនោះ មិនអាចហៅថា ជាប្រទេសផ្តាច់ការទេ ដោយសារតែអ្នកប្រឆាំងទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅរបស់ពលរដ្ឋ។
លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងករណីការប្រឆាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ មិនជាបញ្ហាទេ។ ប៉ុន្តែបើការប្រឆាំង ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហួសព្រំដែន រហូតដល់ល្មើសច្បាប់ រំលោភច្បាប់ និងឈានដល់បង្កើតអំពើអនាធិបតេយ្យ ដែលនាំដល់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងជីវភាពរស់នៅ ដ៏សុខក្សេមក្សាន្តរបស់ប្រជាជន ចាំបាច់ត្រូវប្រើកម្លាំងប្រដាប់អាវុធ ដែលជាឧបករណ៍ដាច់ថ្លៃនៃអំណាចរបស់ប្រជាជន បង្ក្រាបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព មិនអាចហៅថាជា របបផ្តាច់ការ នោះទេ»។
លោកបានបន្តថា ដូច្នេះក្នុងការដឹកនាំប្រទេស ត្រូវមានប្រជាធិបតេយ្យចំពោះប្រជាជនទូទៅ និងផ្តាច់ការចំពោះជន និងក្រុមជនអនាធិបតេយ្យ ដែលចង់បំផ្លាញសន្តិភាព សេចក្តីសុខរបស់ប្រជាជន៕