(ភ្នំពេញ)៖ ខណៈរដូវប្រមូលផលស្រូវសែនក្រអូប ឈានចូលមកដល់នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមនូវទឹកប្រាក់៣៨លានដុល្លារ សម្រាប់គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា។
ទឹកប្រាក់ដែលរាជរដ្ឋាភិបាល បន្ថែមចំនួន៣៨លានដុល្លារថ្មីនេះ បែងចែកជាពីរផ្នែកគឺ ២៣លានដុល្លារបន្ថែម ពីលើថវិកា២៧លានដុល្លារ ឲ្យកើនដល់៥០លានដុល្លារ ដើម្បីជួយការពារ កុំឲ្យធ្លាក់ចុះនៃតម្លៃស្រូវ សម្រាប់ផ្តល់កម្ចីជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវរបស់កសិករ នៅរដូវប្រមូលផលនេះ។ ដោយឡែក១៥លានដុល្លារទៀត នឹងត្រូវធ្វើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំង និងឡរសម្ងួត នៅ៣តំបន់ រួមមាន ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះថា «រាជរដ្ឋាភិបាលបានបន្ថែម ទឹកប្រាក់២៣លានដុល្លារ ពីលើទឹកប្រាក់២៧លានដុល្លារ ឲ្យគ្រប់ចំនួន៥០លានដុល្លារ ដើម្បីជួយវិស័យស្រូវអង្ករនៅឆ្នាំនេះ កុំឲ្យមានបញ្ហាដូចឆ្នាំមុន ហើយយើងសង្ឃឹមថា រោងម៉ាស៊ីនកិនស្រូវ នឹងមកខ្ចីច្រើនជាងឆ្នាំមុន»។
លោកបានបញ្ជាក់ទៀតថា «ក្រៅពីបន្ថែម២៣លានដុល្លារ រាជរដ្ឋាភិបាលក៏សម្រេចបន្ថែម១៥លានដុល្លារទៀត សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើ៣តំបន់ រួមមានកំពង់ធំ តំបន់ព្រៃវែង និងតំបន់តាកែវ ដែលយើងអាចនឹងបង្កើនសមត្ថភាពឡរសម្ងួត និងឃ្លាំងស្តុកបន្ថែមទៀត»។
បើតាមការបញ្ជាក់របស់លោក កៅ ថាច សម្រាប់អត្រាការប្រាក់ដែលត្រូវបានកំណត់ សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្ចី គឺត្រឹមតែ៥%ប៉ុណ្ណោះក្នុង១ឆ្នាំ ចំនួនការប្រាក់នេះ បានធ្លាក់ចុះជាងឆ្នាំ២០១៦ ដែលមានក្នុងចន្លោះពី៧ទៅ៦.៥%។
ជុំវិញការបន្ថែមនូវទុន សម្រាប់គាំទ្រវិស័យកសិកម្មនេះ ក្រុមហ៊ុននាំចេញអង្ករបានសម្តែង នៅការស្វាគមន៍ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ដល់វិស័យស្រូវអង្ករ ពិសេសការបន្ថែមទុននេះ ចំពេលរដូវប្រមូលផលស្រូវសែនក្រអូប ចាប់ផ្តើមចូលមកដល់។
លោក ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Signature of Asia បានថ្លែងប្រាប់អង្គភាព Fresh News ថា លោកស្វាគមន៍ និងសាទរចំពោះការបន្ថែមទុន សម្រាប់ជួយដល់វិស័យស្រូវអង្ករ របស់រាជរដ្ឋាភិបាល គឺចំពេលដែលរដូវប្រមូលផលស្រូវសែនក្រអូបមកដល់ ហើយក្រុមហ៊ុនលោក គ្រោងនឹងដាក់សំណើកម្ចីទុននេះ ដើម្បីប្រើប្រាស់ក្នុងគម្រោងកិច្ចសន្យាផលិតកម្ម កសិកម្មស្តីពីការផលិត និងផ្គត់ផ្គងស្រូវសេរីរាង្គ ជាមួយនឹងសហគមន៍កសិករ និងខេត្តព្រះវិហារ និងស្ទឹងត្រែង ដែលមានចំនួនប្រមាណ៨០០០តោន។
យ៉ាងណាអគ្គនាយកក្រុមហ៊ុនរូបនេះ ក៏បានស្នើឲ្យរាជរដ្ឋាភិបាល កំណត់អត្រាការប្រាក់ឲ្យបានសមរម្យ ពោលគឺឲ្យទាបជាងធនាគារពាណិជ្ជ ហើយសម្រួលនូវបែបបទខ្ចី ឲ្យកាន់តែងាយស្រួលដូចជា ការកំណត់ការទិញស្រូវពីកសិករ កុំឲ្យខ្ពស់ជាងទីផ្សារខ្លាំងពេក ខណៈដែលការប្រកួតប្រជែងនៅដដែលនោះ។
បើតាមមន្ត្រីសហព័ន្ធស្រូវអង្ករ ការប្រមូលផលស្រូវសែនក្រអូបឆ្នាំនេះ ត្រូវចាប់ផ្តើមពីសប្តាហ៍ទី១នៃខែសីហានេះ ដល់ចុងខែកញ្ញា។ ទិន្នផលស្រូវសែនក្រអូបក្នុងឆ្នាំនេះ នឹងមិនតិចជាងបរិមាណក្នុងឆ្នាំមុននោះឡើយ ដោយសារភាពអំណោយផលពីធម្មជាតិ មានភ្លៀងធ្លាក់ល្អចាប់ពីដើមទីរហូតមក បានបង្កលក្ខណៈងាយស្រួល ដល់កសិករដាំដុះច្រើន ហើយការប្រមូលផលច្បាស់ជាធ្វើឡើង ក្នុងពេលដំណាលគ្នា។
សូមជម្រាបថា នៅកំឡុងខែកញ្ញា ឆ្នាំ២០១៦ បញ្ហានៃការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប បានធ្វើឲ្យប្រជាកសិករ ពិបាកយ៉ាងខ្លាំង ដែលពួកគាត់ ត្អូញត្អែរពីការខាតបង់។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដោយទម្លាក់ថវិកា ២៧លានដុល្លារ ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ ធ្វើប្រតិបត្តិការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅរួមមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពាណិជ្ជករជាដើម បានជួយទិញអង្ករ សែនក្រអូបរបស់កសិករ ក្នុងគោលបំណងជួយដល់ កសិករខ្មែរ ដែលជួបប្រទះការធ្លាក់ចុះថ្លៃតម្លៃស្រូវ៕