(ភ្នំពេញ)៖ ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋ ជិត៥០០នាក់ ដែលរស់នៅក្នុងសង្កាត់ទឹកថ្លា ទទួលបានការពិនិត្យព្យាបាលជំងឺ ផ្នែកជំងឺសើស្បែក, ជំងឺភ្នែក, មាត់ធ្មេញ និង ផ្នែកជំងឺទូទៅ ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យមិត្ដភាពខ្មែរ- សូវៀត ។
លោក វេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានក្រុមការងារចុះជួយភូមិ បូរី១០០ខ្នង និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា «ជារៀងរាល់ខែ ក្រុមគ្រូពេទ្យយើង ដែលមានលោកសាស្ដ្រចារ្យ ងី ម៉េង ជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា និងជាប្រធានមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដនៃមន្ទីរពេទ្យរបស់យើង តែងតែចុះទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងមួយខែម្ដង ដើម្បីជួយលើកកម្ពស់សុខភាពរបស់ពួកគាត់ ឲ្យកាន់ប្រសើរឡើង ពិសេស យើងបានយកសេវាសុខភាពនេះ ឲ្យកាន់តែខិតជិតផ្ទះរបស់ពួកគាត់តែម្ដង»។
លោកបន្ដថា «សម្រាប់ខែសីហានេះ យើងបានចុះជួយពិនិត្យគាត់ រួចហើយ ដោយនៅដើមខែកញ្ញា យើងនឹងចុះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋទៀត ហើយយើងនឹងបន្ដធ្វើការព្យាបាលដល់គាត់ ជារៀងខែផងដែរ ។ដូច្នេះ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌសែនសុខ មកទទួលការព្យាបាលកុំបីខាតឡើយ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ ការពារពីកើតជំងឺផ្សេងៗ ពិសេសគឺជំងឺសើស្បែក ប្រយ័ត្នរួសរាន់មកពិនិត្យ កុំទុកយូរឲ្យសោះ វានឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។
លោកបន្ថែមថា ក្នុងខែសីហានេះ លទ្ធផលនៃការពិនិត្យរួមមាន៖ ពិនិត្យព្យាបាលជំងឺសើស្បែក មាន៨៩ ករណី, ជំងឺទូទៅ២៦៧ករណី, ជំងឺភ្នែក និងចែកវែនតា២៥០ករណី, ជំងឺមាត់ធ្មេញ និងសុខភាពមាត់ធ្មេញ មាន៥៩ករណី ព្រមទាំងចែកជូនថ្នាំដុសធ្មេញ មាន៤០៨ករណី។
គួរបញ្ជាក់ផងដែរថា ករណីជំងឺសើស្បែក ធ្ងន់ធ្ងរពីកំណើត របស់កុមារអាយុ៨ឆ្នាំ ឈ្មោះវ៉ាត ម៉ៅ ដែលរស់នៅ ភូមិដូនទិព្វ ឃុំ៨មុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ នៅជាមួយជីដូន ត្រូវមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូរៀត យកមកព្យាបាលដោយឥតគិតថ្លៃ ដែលព្យាបាលដោយលោកវេជ្ជបណ្ឌិតជំនាញៗប្រចាំមន្ទីរផងដែរ៕