(រតនគិរី)៖ កម្លាំងនគរបាលកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលក្រុងបានលុង បានចុះបង្ក្រាបក្មេងទំនើង១ក្រុម មានគ្នីគ្នា១២នាក់ ដែលតែងតែបង្កការអុកឡុកក្នុងក្រុងបានលុង យ៉ាងអាណាធិបតេយ្យតាមដងផ្លូវ (បំពង់ស៊ីម៉ាំងប្រែន, បំពាក់ភ្លើងឡាស៊ែ) និងដកហូតម៉ូតូសេរីទំនើបៗ ១១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តទៀត។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់មកអង្គភាព Fresh News នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ដោយមានការបញ្ជាពីលោកស្នងការនគរបាលខេត្ត ឲ្យធ្វើការបង្ក្រាបក្រុមក្មេងទំនើង ប្រើប្រាស់មធ្យោបាយខុស បច្ចេកទេស រំខានដល់អ្នកដំណើរដទៃ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទើបកម្លាំងចុះបង្ក្រាបជាក់ស្តែងតែម្តង។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបន្តទៀតថា បន្ទាប់ពីចុះបង្ក្រាបរួច នគរបាលជំនាញបានទំនាក់ទំនងទៅអាណាព្យាបាលឲ្យមកធ្វើ កិច្ចសន្យាទទួលយកកូនចៅ ឲ្យត្រឡប់ទៅផ្ទះវិញ ហើយឲ្យប្តូរអំពូលភ្លើងធម្មតា, ដាក់កញ្ចក់, ប្តូរបំពង់ស៊ីម៉ាំង នៅចំពោះមុខសមត្ថកិច្ច ឲ្យទៅតាមលក្ខណៈដើមវិញ។ បច្ចុប្បន្នម៉ូតូចំនួន១១គ្រឿង ត្រូវបានរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង។
ជាមួយនឹងសកម្មភាពក្មេងទំនើងនេះដែរ ពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា ពួកគេ (ក្មេងទំនើង) ជិះម៉ូតូសុទ្ធតែកប់សេរីតម្លៃខ្ពស់ ក្នុង១គ្រឿងរាប់ពាន់ដុល្លារ ភាគច្រើនជាកូនអ្នកធំ និងអ្នកមាន សូមឲ្យសមត្ថកិច្ចនគរបាលផ្ទន្ទាទោស ឲ្យធ្ងន់ធ្ងរបន្តិច ក្រែងថ្ងៃក្រោយរាងចាលបើពុំនោះទេ ពួកក្មេងទំនើងផ្គើនលើសដើមព្រោះអាងឪពុក-ម្តាយពួកគេ។
តាមប្រភពព័ត៌មាន ដោយឡែកទៀត បានប្រាប់ឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះ ដើរជាក្រុមហើយសកម្មភាពពួកគេច្រើនតែ ពេលយប់ ហើយបើសិនជួបសមត្ថកិច្ចដើរល្បាតវិញ ក៏ពួកគេមិនខ្លាចនោះដែរ តែបើប៉ះអ្នកធ្វើដំណើរ, អ្នករត់ម៉ូតូឌុបដេញវ៉ៃ, សំឡុត គំរាមកំហែង រកលុយចាយនៅពេលយប់ថែមទៀតផង៕