(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញជាបន្លែផ្លែឈើ នាំចូលតាមព្រំដែនពីប្រទេសវៀតណាម សំដៅធានាសុខុមាលភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាននោះ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត រួមជាមួយ រថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ និងការវិភាគបន្លែផ្លែឈើមួយចំនួន ដោយមន្ទីរពិសោធន៍ចល័ត នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានថ្លែងថា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ ជាពិសេសបន្លែផ្លែឈើ គ្មានផ្ទុកសារធាតុគីមីហាមឃាត់មិនបណ្តាល ឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នាំចូលមកលក់នៅលើទីផ្សារក្នុងស្រុក ដែលមន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៍នៅតែបន្តចុះត្រួតពិនិត្យ និងធ្វើការវិភាគ ដោយមន្ទីរពិសោធន៍ចល័តលើបន្លែផ្លែឈើនាំចូលចំនួន២០មុខ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន។
លោក មាស មោរ៉ា បានបន្តថា បន្ទាប់ពីធ្វើការវិភាគភ្លាមៗ លើបន្លែផ្លែឈើនាំចូលទាំង២០មុខរួមមាន៖ ផ្កាខាត់ណា, សាឡាត់, ពពាយ, ត្រប់វែង, ឆៃថាវ, ការ៉ុត, ពោតបារាំង, ត្រប់ស្រួយ, ស្ពៃក្តោប, ស្ពៃបូកគោ, ផ្សិតចំបើង, ម្ទេស, ក្រូចឆ្មារ, សណ្តែកគួរ, ម្ទេសប្លោក, ម្រះ, ប៉េងប៉ោះ, ត្រសក់, បាញ់ត្រាង និងផ្លែប៉ោម គឺមិនមានសញ្ញាណវត្តមានផ្ទុកនូវសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក បរិភោគនោះទេ។
ជាមួយគ្នានេះប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីកាំកុងត្រូលក៏បានអំពាវនាវដល់អាជីវករនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាមច្រកទ្វារព្រំដែន ពីប្រទេសជិតខាងទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលចែកចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អជាពិសេសហាមដាច់ខាតបន្លែផ្លែឈើ និងម្ហូបអារហារណាមានផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាពអ្នកប្រើប្រាស់៕