(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន ៧៧ក្រុមហ៊ុនហើយ ក្នុងការប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករទៅធ្វើការនៅបរទេស ហើយមានក្រុមហ៊ុនមួយចំនួនក៏កំពុងដាក់ពាក្យស្នើបន្ថែមទៀតដែរ។
ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្ដុះបណ្ដាល គ្រប់គ្រង និងបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៅសណ្ឋាគារសាន់វ៉េ លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ឥឡូវនេះមាន៧៧ និងមានមួយចំនួនទៀតកំពុងដាក់ពាក្យស្នើសុំ ហើយយើងនឹងផ្ដល់ជាបន្តទៀត»។
ពាក់ព័ន្ធនឹងក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសនេះ កន្លងមក ក្រសួងការងារក៏បានសង្កេតឃើញថា មានក្រុមហ៊ុនមិនស្របច្បាប់ និងពួកមេខ្យល់មួយចំនួន បានប្រកាសជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស តាមរយៈការផ្សព្វផ្សាយនៅតាមវិទ្យុ ទូរទស្សន៍ផងដែរ រហូតដល់ក្រសួងការងារ បានស្នើទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធី ដើម្បីឲ្យបិទបញ្ឈប់ការផ្សព្វផ្សាយទាំងនោះថែមទៀតផង។
ក្នុងចំណោមក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករនៅបរទេសទាំង ៧៧ក្រុមហ៊ុននោះ ក៏មានក្រុមចំនួន៦ បានចាប់ផ្ដើមប្រតិបត្តិការរជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីកម្ពុជា ទៅបម្រើការជាជំនួយការមេផ្ទះ នៅតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះក្រុមហ៊ុនណាក៏ដោយ ឲ្យតែអនុវត្តការងារខុសនឹងច្បាប់ ក៏ដូចជាលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងអនុស្សរណៈនៃការយោគយល់គ្នា គឺត្រូវទទួលរងនូវវិធានការដូចគ្នាទាំងអស់ទៅតាមច្បាប់ប្រទេសកម្ពុជា និងប្រទេសទទួលពលករ។
សូមជម្រាបថា រហូតដល់ពេលបច្ចុប្បន្ននេះ ពលករ-ពលការិនីកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួន ១,១៥០,០០០នាក់ ក្នុងនោះមាននៅប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងប្រទេសសិង្ហបុរី៕