(ភ្នំពេញ)៖ យុវជនម្នាក់បានប្រើប្រាស់កាំភ្លើងជ័រ ដើម្បីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនរងគ្រោះ ដែលកំពុងអង្គុយនៅលើម៉ូតូចាំម្ដាយ ចូលទៅក្នុងផ្សារ តែពុំបានសម្រេច ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក ចេញបង្ក្រាបទាន់ពេលវេលា។
ហេតុការណ៍ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចផ្លូវ២៣០ កែង ផ្លូវ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមមន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រេង បូរី (ហៅបូរី) អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះបន្ទប់ជួលលេខ៣ ជាន់ទី៣ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ កែវ ណាត អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះ ជួលលេខ១១៨ ផ្លូវ ភូមិ ៩ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ កែវ ណាត បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let 's ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FH-2150 ឌុបម្ដាយមកទិញ ផ្លែឈើនៅផ្សារនាគមាស ពេលជនរងគ្រោះមកដល់ ក៏ឈប់ហើយអង្គុយនៅលើម៉ូតូចាំម្ដាយ នៅផ្លូវ២៣០ កែង ផ្លូវ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ស្រាប់តែមានជនសង្ស័យ ឈ្មោះ ស្រេង បូរី បានដើរមកក្បែរជនរងគ្រោះ រួចដកកាំភ្លើងខ្លីជ័រ ពីចង្កេះយកមកភ្ជង់ចង្កេះស្ដាំ ជនរងគ្រោះគំរាមយកម៉ូតូ ដោយនិយាយថា បើមិនឲ្យម៉ូតូបាញ់ងាប់ឥឡូវ ពេលនោះជនរងគ្រោះភ័យពេក ក៏ប្ដួលម៉ូតូរួចកាច់សោរពន្លត់ម៉ាស៊ីន តែសោនៅជាប់កម៉ូតូ ហើយរត់ចេញពីម៉ូតូ។
ភ្លាមនោះៗ ជនសង្ស័យ បានស្ទុះទៅលើកម៉ូតូឡើងបំរុងជិះចេញ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនទាន់ និងដកហូតវត្ថុតាង បានកាំភ្លើងជ័រ រួចបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍ផ្សារដើមគរចាត់ការតាមផ្លូវច្បាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង
រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕