(ភ្នំពេញ)៖ ផលិតផលតុបតែងខ្លួនដ៏ល្បីមួយ សម្រាប់បុរស និងស្រ្តីរបស់ប្រទេសកូរ៉េ ម៉ាក «Merrezca» បានបង្ហាញវត្តមាន ធ្វើការប្រកូតប្រជែង នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយបានធ្វើពិធីសម្ពោធបើកលក់ ជាផ្លូវការ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ដោយក្រុមហ៊ុន «នុត រាត្រី អេស៊ា» ដែលជាអ្នកនាំចូលផ្ដាច់មុខ ពីប្រទេសកូរ៉េ ឆ្លងកាត់តាមរយៈប្រទេសថៃ។
អ្នកនាង នុត រាត្រី ម្ចាស់ក្រុមហ៊ុន «នុត រាត្រី អេស៊ា» បានថ្លែងឲ្យដឹងថា ផលិតផល Make Up ម៉ាក Merrezca ជាម៉ាកដ៏ល្បីមួយរបស់កូរ៉េ ដែលក្រុមហ៊ុននាងទទួលបានសិទ្ធិ ចែកចាយផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ហើយនាងគិតថា មិនពិបាកវាយលុកទីផ្សារទេ ខណៈដែលមានបងប្រុស គឺលោក យូអ៊ីន ជាអ្នកសិល្បៈ ជួយជ្រោមជ្រែង និងមានតារាសិល្បៈមួយចំនួន ជួយគាំទ្រផងដែរ។ មុខជំនួញនេះ អ្នកនាង នុត រាត្រី បានបោះទុនប្រមាណជាង៥ម៉ឺនដុល្លារ ហើយក៏មានគម្រោងបោះទុនពង្រីកទីផ្សារ ឲ្យកាន់តែធំជាងនេះទៀត ខណៈដែលអ្នកនាង ស្រឡាញ់មុខជំនួញនេះ ដោយមិនទាន់មានគម្រោងវិនិយោគ លើវិស័យផលិតកុន ដូចបងប្រុសនៅឡើយទេ។
ម្ចាស់ក្រុមហ៊ុន «នុត រាត្រី អេស៊ា» បានបន្តឲ្យដឹងទៀតថា មុននឹងទទួលសិទ្ធិផ្ដាច់មុខ ផលិតផល Make Up ម៉ាក Merrezca ក៏បានពង្រីកទីផ្សារ និងមានការទទួលស្គាល់ពីផ្សារទំនើបធំៗ មួយចំនួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ជាពិសេសបងប្អូនស្រ្តី ដែលចូលចិត្តតុបតែងខ្លួន ចូលរួមកម្មវិធីផ្សេង ក្នុងសម័យកាលទំនើបនេះ។ ផលិតផល Make Up ម៉ាក Merrezca ត្រូវបានធានាគុណភាព ដល់អ្នកប្រើប្រាស់ និងមានការបញ្ចុះតម្លៃប្រមាណ៣០% រយៈពេល៥ថ្ងៃ ក្នុងឱកាសបើកសម្ពោធលក់ ជាផ្លូវការនេះ។
សូមបញ្ជាក់ថា ផលិតផល Make Up ម៉ាក Merrezca ដែលក្រុមហ៊ុន «នុត រាត្រី អេស៊ា» នាំចូលមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺផ្ដោតសំខាន់លើការតុបតែងមុខ មានដូចជា ផ្សៅផាត់មុខ ក្រេម ម៉ាសស្ការ៉ា ប្រដាប់គូចិញ្ចើម និងផលិតផលមួយចំនួនទៀត៕