(ភ្នំពេញ)៖ ទីប្រឹក្សាក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានសម្ដែងការមិនពេញចិត្ត និងធ្វើការរិះគន់ចំពោះស្ទីលតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ របស់តារាសម្ដែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង ក្នុងកម្មវិធី «ស៊ីអារម្មណ៍» ដែលបានផ្សាយ ក្នុងស្ថានីយទូរទស្សន៍ PNN នាយប់ថ្ងៃ ០៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះថា ពុំមែនមានលក្ខណៈ ឬបែបបទជារបស់ខ្មែរ ពោលគឺមើលឃើញថា ចម្លងពីវប្បធម៌នៃប្រទេសថៃ ច្រើនជាង។
លោក សាម៉ន បណ្ឌិត្យ យល់ឃើញមិនខុសពីមហាជនប៉ុន្មានដែរ ដោយលោក បានចោទជាសំណួរថា «តើរចនាបទរបស់កម្មវិធី និងការតែងខ្លួនរបស់តារាខ្មែរ គឺត្រូវតាមលក្ខណៈរបស់ខ្មែរដែរឬទេ ហើយតើមានការត្រួតពិនិត្យកម្រិតណា ពីរចនាបទនោះ?»។ ទស្សនិកជនព្រមទាំង លោក សាម៉ន បណ្ឌិត្យ ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន និង ជាអ្នកជំនាញក្នុងការផលិតកម្មវិធីសិល្បៈ វប្បធម៌ និងអប់រំ យល់ឃើញថា សម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងរឿង «ហ្លួងព្រះស្ដេចកន» ហាក់មានរចនាបទ មិនចំជារចនាបទរបស់ខ្មែរ នោះទេ។
កម្មវិធី «ស៊ីអារម្មណ៍» ដែលមានលោក ប៉ែន ចំរ៉ុង ធ្វើជាពិធីករ ហើយកម្មវិធីនេះ គឺផ្ដោតសំខាន់ លើការសម្ភាសន៍ជុំវិញរឿង «ហ្លួងព្រះស្ដេចកន» ដែលជាខ្សែភាពយន្តខ្មែរដ៏ល្បី។ ប៉ុន្ដែផ្ទុយទៅវិញ សម្លៀកបំពាក់របស់ពិធីករ និងរចនាបទតុបតែងរបស់កម្មវិធី មើលទៅហាក់បីដូចជាមិនមែនទម្រង់វប្បធម៌ខ្មែរ ទាល់តែសោះ។ នេះបានធ្វើឲ្យមហាជន ដែលបានទស្សនាកម្មវិធីនេះហើយ ផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ជាពិសេសលើលោក ប៉ែន ចំរ៉ុង តែម្ដង ដែលជាមុខសញ្ញារកការរិះគន់ខ្លាំងជាងគេ ព្រោះលោកបានស្លៀកសម្លៀកបំពាក់មួយឈុត ដោយមានចងក្បាលនឹងក្រណាត់ពណ៌ផងនោះ ដែលការតុបតែខ្លួនបែបនេះ ត្រូវទស្សនិកជនយល់ឃើញថា ចម្លងពីជាតិសាសន៍ដទៃ។
ជុំវិញការរិះគន់ខាងលើនេះ លោក ម៉ៅ អាយុទ្ធ ដែលជាអ្នកដឹកនាំរឿង «ហ្លួងព្រះស្ដេចកន» បានចេញមុខមកស្រាយ ដោយលោកបានប្រកាន់ជំហរថា សម្លៀកបំពាក់ដែលបាន តុបតែងនោះ គឺឆ្លងកាត់ការស្រាវជ្រាវយ៉ាងម៉ត់ចត់។ ជាសម្លៀកបំពាក់ដែលខ្មែរ បានប្រើនៅក្នុងសម័យស្ដេចកន ប៉ុន្តែមកពី សម័យក្រោយៗ ខ្មែរមិនសូវនិយម
ហើយថៃ គេប្រើជាប់លាប់ជាង ទើបធ្វើឲ្យមានការយល់ច្រឡំ។
សូមបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ មហាជនហាក់នៅតែគិតថា នេះជារបៀបរបរបែបថៃ ដែលតែងខ្លួនដូចលោក ប៉ែន ចំរ៉ុង ក្នុងកម្មវិធី «ស៊ីអារម្មណ៍» នៅយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ ក្នុងស្ថានីយទូរទស្សន៍ PNN។ លើសពីនេះ ក៏មានមហាជន បាននិយាយទៅ លោក ប៉ែន ចំរ៉ុង ថា ខ្លួនជាតារា គប្បីតែជួយលើកស្ទួយវប្បធម៌ខ្មែរ មិនគួរណាស្លៀកសម្លៀកបំពាក់ តាមការកំណត់របស់អ្នកដឹកនាំ កម្មវិធី ដែលគេសង្ស័យថា មានជនជាតិថៃ ជាអ្នកដឹកនាំនោះទេ៕