អភិបាលខេត្តព្រះវិហារ៖ តម្លៃអគ្គិសនីក្នុងខេត្តព្រះវិហារនឹងបញ្ចុះពី១៣០០រៀល មកត្រឹម១១០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែសីហាតទៅ
09-08-2017 12:40
(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះថា អាជ្ញាធរអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះតម្លៃអគ្គិសនីពី១៣០០រៀល មកនៅត្រឹមតំលៃ១១០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយចាប់ផ្តើមអនុវត្ត ចាប់ពីខែសីហា ឆ្នាំ២០១៧នេះតទៅ ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានបន្តថា បណ្តាញអគ្គិសនី ដែលយកមកពីប្រទេសឡាវនេះ មិនទាន់ស្ថិតក្នុងបណ្តាញជាតិនៅឡើយ ប៉ុន្តែនៅថ្ងៃខាងមុខឆាប់ៗនេះ តម្លៃអគ្គិសនីនឹងបញ្ចុះបន្តទៀត តាមគោលការណ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលបណ្តាញអគ្គិសនីក្នុងខេត្ត ត្រូវបានចាត់បញ្ចូលក្នុងបណ្តាញជាតិ។
លោក អ៊ុន ចាន់ដា បានបន្តទៀតថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ខាងមុខ នេះអាជ្ញាធរខេត្ត និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា និងប្រជុំផ្សព្វផ្សាយ ស្តីពីការបញ្ចុះតម្លៃអគ្គិសនីជូនដល់សេវាករ និងសាធារណជនក្នុងខេត្តដើម្បីជ្រាបជាព័ត៌មាន និងពិភាក្សាពិនិត្យលើភាព មិនប្រក្រតីមួយចំនួន នៃកុងទ័រ ដែលអ្នកប្រើប្រាស់ភាគច្រើន ប្រជាពលរដ្ឋតែងតែរអ៊ូរទាំថា ក្នុងរយៈពេលកន្លងមកនេះ មានភាពប្រក្រតី។ ដូច្នេះរដ្ឋបាលខេត្តរង់ចាំទទួលនូវ ការស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីចុះពិនិត្យភាពមិនប្រក្រតី នៃកុងទ័រភ្លើងទាំងនេះគ្រប់ទីកន្លែង ក្នុងខេត្តដើម្បីដោះស្រាយនូវកង្វល់ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន៕