(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងរៀបចំកិច្ចប្រជុំសិទ្ធិមនុស្ស ជាមួយប្រទេសស៊ុយអ៊ែត នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងបំណងដោះដូរបទពិសោធន៍គ្នា ទៅវិញទៅមកទាក់ទងនឹងវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ពី លោក ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ។

ការបញ្ជាក់របស់លោក ជេត ជាលី បានធ្វើឡើងក្រោយពីបញ្ចប់កិច្ចពិគ្រោះយោបល់ ស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងស៊ុយអ៊ែត ក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែត ប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ជេត ជាលី បានឲ្យដឹងថា នេះគឺជាកិច្ចប្រជុំត្រៀមលើកទី២ហើយ ដែលកិច្ចប្រជុំត្រៀមលើកទី១ប៉ុន្មានខែមុន អ្នកជំនាញខាងសិទ្ធិមនុស្សកម្ពុជា បានជួបជាមួយលោកស្រី ឯកអគ្គរាជទូតស៊ុយអ៊ែត និងលេខាទី១ និងមន្ដ្រីទទួលបន្ទុកខាងនយោបាយស៊ុយអ៊ែតម្ដងរួចមកហើយ។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា «កិច្ចប្រជុំសិទ្ធិមនុស្សនៅក្នុងខែតុលានេះ យើងនិងនិយាយអំពីប្រធានបទចំនួន៥ ដែលសំខាន់ៗរួមមាន ទី១៖ ភាពស្នើគ្នាសិទ្ធិរបស់ស្រ្ដី ហើយជាមួយគ្នានោះ ខាងក្រសួងការបទេសស៊ុយអ៊ែត ក៏បានសុំបន្ថែម LGBT ដែលហៅកាត់ថាភេទទីបី ចូលទៅក្នុងប្រធានបទនេះផងដែរ»

លោក ជេត ជាលី បានបន្តថា ទី២៖ និយាយអំពីប្រធានបទ សិទ្ធិទទួលបានព័ត៌មាន នៃប្រទេសទាំងសងខាង ,ទី៣៖ និយាយអំពីប្រធានបទ ការសរសេររបាយការណ៍ ត្រួតពិនិត្យមានការកំណត់របស់អង្គការសហប្រជាជាតិ ដែលបទពិសោធន៍ប្រទេសទាំងពីរមានធ្វើយ៉ាងមិចខ្លះ ទី៤៖ និយាយអំពីប្រធានបទ ស្ថាប័នមនុស្សជាតិ បទពិសោធន៍របស់ប្រទេសស៊ុយអ៊ែតយ៉ាងមិចខ្លះ, និងទី៖៥ និយាយអំពីប្រធានបទ សិទ្ធកម្មករ ដែលប្រទេសទាំងពីរចាត់ទុកថាជាប្រធានបទសំខាន់៕