(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិឲ្យទីភ្នាក់ងារជ្រើសរើសកម្ពុជា ចំនួន៦ដំបូងបង្អស់ ប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូននិងគ្រប់គ្រងពលការិនី ទៅបម្រើការជំនួយការផ្ទះ នៅតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងនោះមានទីភ្នាក់ងារខ្លះ មានបទពិសោធន៍ក្នុងការជ្រើសរើស បណ្ដុះបណ្ដាលបញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការ ផ្ទះនៅប្រទេសសិង្ហបុរី និងមានមួយចំនួនទៀត ជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ។ នេះបើតាមលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ថ្លែងបែបនេះ ក្នុងពីធីបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្ដុះបណ្ដាល គ្រប់គ្រង និងបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
លោកថ្លែងយ៉ាងដូច្នេះថា «ដើម្បីឲ្យការបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានជោគជ័យ សម្រាប់ដំណាក់កាលសាកល្បងដំបូង រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យទីភ្នាក់ជ្រើសរើសកម្ពុជាចំនួន៦ (ក្រុមហ៊ុនសុខលាភ មេត្រី, ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ) ដែលក្នុងនោះមានទីភ្នាក់ងារខ្លះ មានបទពិសោធន៍ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការផ្ទះនៅប្រទេសសិង្ហបុរី នាពេលកន្លងមក និងមានមួយចំនួនទៀត ជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ»។
លោករដ្ឋមន្រ្តីក៏បានដាក់អនុសាសន៍មួយចំនួន ដល់ទីភ្នាក់ងារជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការផ្ទះផងដែរ រួមមាន៖
១៖ ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងចាត់វិធានការតឹងរឹងចំពោះមេខ្យល់ខុសច្បាប់ ឬក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណក្នុងការជ្រើសរើស បណ្ដុះបណ្ដា បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការផ្ទះ ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋខាតបង់ ចាញ់បោកជនខិលខូចទាំងនេះ។
២៖ ស្នើឲ្យទីភ្នាក់ងារទាំង៦ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល ធ្វើយ៉ាងណាត្រូវផ្ដត់ផ្ដង់ធនធានមនុស្សដែលមានគុណភាពដល់និយោជកហុងកុង។ លើសពីនេះទៀត ត្រូវជំរុញឲ្យទីភ្នាក់ងារមុខរបរហុងកុងដែលជាដៃគូរបស់ខ្លួន ស្វែរក និងជ្រើសរើសតែនិយោជកណាដែលមានលក្ខខណ្ឌការងារល្អ អាចផ្ដល់កន្លែងស្នាក់នៅសមរម្យ និងគោរពសិទ្ធិសេរីភាពរបស់ពលការិនី។
៣៖ ស្នើដល់អង្គភាពសង្គមស៊ីវិល សហជីព បន្តតាមដាន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការគាំទ្រសុខសុវត្ថិភាព និងផ្ដល់ការគាំទ្រប្រឹក្សាផ្នែកច្បាប់ដល់ពលការិនី សំដៅធ្វើយ៉ាងណាផ្ដល់ការអន្តរាគមន៍ទាន់ពេលវេលា ក្នុងករណីចាំបាច់។
សូមជម្រាបថា មកពេលបច្ចុប្បន្ននេះ ពលករ-ពលការិនីកម្ពុជាដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,១៥០,០០០នាក់ ក្នុងនោះមាននៅព្រះរាជាណាចក្រថៃ សាធារណរដ្ឋកូរ៉េ សហព័ន្ធម៉ាឡេស៊ី ព្រះរាជាណាចក្រជប៉ុន និងសាធារណរដ្ឋសិង្ហបុរី៕