(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា នៅថ្ងៃស្អែក កម្ពុជានឹងបើកការស្ថានសាងសង់ មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត តាមសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀនរបស់រដ្ឋ ដែលមានតម្លៃជិត៦លានដុល្លារ នៅក្រុង-ខេត្តព្រះសីហនុ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងបែបនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវៀតណាម នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ។ នាយឧត្តមសេនីយ៍ បានថ្លែងថា «មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត តាមសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀន រដ្ឋាភិបាលកម្ពុជា មានគម្រោងតាំងពីឆ្នាំ២០០៧មកម្ល៉េះ ទើបមកដល់ថ្ងៃនេះ ខាងអាជ្ញាធរបង្ក្រាបគ្រឿងញៀន បានសម្រេចបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះតែម្តង»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តទៀតថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត តាមសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀននេះ ចំណាយថវិកាប្រហែល ៦លានដុល្លារ អាចឲ្យជនរងគ្រោះដោយសារញៀន ចូលទទួលសេវាព្យាបាលបានចំនួនប្រហែល២ពាន់នាក់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះមានបង្រៀនជំនាញឯកទេស ដល់ជនរងគ្រោះដោយសារថ្នាំញៀន ក្រោយពីទទួលការព្យាបាលហើយអាចត្រឡប់ទៅវិញ ដោយមានជំនាញផ្ទាល់ខ្លួន ដើម្បីជាដើមទុនប្រកបរបរចិញ្ចឹមជីវិត និងចៀសវាង ឲ្យពួកគេនឹកឃើញការប្រើប្រាស់ថ្នាំញៀនម្តងទៀត។
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភាគីវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួន៣លានដុល្លារ និងអ្នកជំនាញការដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដើម្បីចូលរួមការស្តារនីតិសម្បទា ដល់ជនដែលរងគ្រោះដោយសារគ្រឿងញៀន។
បើតាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នេះជាចំណុចដែលគត់សំគាល់ឃើញថា ទោះបីមានការខិតខំ ពង្រាយនូវមណ្ឌលព្យាបាលរបស់ក្រសួងសុខាភិបាល ចំនួន១៧៧មណ្ឌល និងការព្យាបាលតាមសហគមន៍ក៏ដោយ ក៏ដំណើរការនៃចូលខ្លួន របស់អ្នកញៀនគ្រឿងញៀនមួយចំនួន នៅតែមិនបានចូល មកព្យាបាលដូចអ្វី ដែលអាជ្ញាធរគ្រឿងញៀន បានគ្រោងទុកនោះដែរ ដែលនេះបានធ្វើឲ្យចំនួនអ្នកញៀនគ្រឿងញៀន នៅក្នុងសង្គមមានការកើនឡើងគួរឲ្យគត់សំគាល់។
លោកបញ្ជាក់ថា «តាមរបាយការណ៍ថ្មី ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀន ទើបទទួលបានចំនួនអ្នកញៀនគ្រឿងញៀន មានចំនួន១.២០០០នាក់»៕