(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឲ្យនគរបាលគ្រប់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវតែមានអ្នកចាំទទួលបណ្តឹង ពីប្រជាពលរដ្ឋគ្រប់ពេលវេលា២៤ម៉ោង លើ២៤ម៉ោង មិនថាយប់មិនថាថ្ងៃ ហើយធ្វើបែបនេះទើបប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ឬក៏ស្នើសុំកិច្ចអន្តរាគមន៍ទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានលើកឡើងថា ធ្លាប់មានប្រជាពលរដ្ឋទៅដល់ប៉ុស្តិ៍រដ្ឋបាលហើយ ជួនកាលមិនមានអ្នកប្រចាំការ ជួនកាលមានប្រចាំការហើយតែគាត់សម្រាក ដោយបានស្រែកថាយប់ហើយ នេះជាកិច្ចការដែលអាជ្ញាធរ មិនគួរធ្វេសប្រហែស ឬក៏មិនត្រូវទទួលយកទេ គឺត្រូវធ្វើម៉េចចាត់តាំងការងារ មានអ្នកយាមប្រចាំ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំទទួលបណ្តឹង ឬក៏ដោះស្រាយជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធប៉ុស្តិ៍រដ្ឋបាលសង្កាត់នេះ លោកអភិបាលបានណែនាំ ដល់ខណ្ឌទាំងអស់ ត្រូវមានវេនយាម ដោយមានចាត់តាំងមន្រ្តីសម្រាប់យាម ទៅលើវេននីមួយៗ ឲ្យបានច្បាស់លាស់ មានន័យថា ទាំងការងាររបស់នគរបាល និងការងាររបស់អាជ្ញាធរ ត្រូវតែមានអ្នករង់ចាំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ភ្ជាប់ជាមួយបញ្ហានេះ លោក ឃួង ស្រេង បានលើកឡើងមកពិភាក្សាជាមួយ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជុំវិញរឿងរ៉ឺម៉កកង់បី ដោយបានសង្កត់ធ្ងន់ថា ហាមដាច់ខាតវិទ្យុទាក់ទងមិនឲ្យមានទេ ហើយលោកអភិបាលរង មាន ចាន់យ៉ាដា ជាមួយតំណាងសមាគមទាំង២ គឺលោក វ៉ន ពៅ និងលោក អ៊ែល សម្ភស្ស ក៏បានឯកភាពក្នុងការបញ្ឈប់ មិនប្រើវិទ្យុទាក់ទងផងដែរ ហើយកិច្ចការងារនឹងបន្តតាមដានមើល ក្នុងករណីមិនបញ្ឈប់ការប្រើប្រាស់វិទ្យុទាក់ទងនេះ នឹងត្រូវប្រើប្រាស់វិធានការដកហូតតែម្តង។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១២ ត្រូវធ្វើការងារតាមផ្ទះជួល និងត្រូវមានការគ្រប់គ្រង ការធ្វើស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីមានមូលដ្ឋានក្នុងការជួយ និងកិច្ចអន្តរាគមន៍អ្វីមួយទៅលើបងប្អូនកម្មករ កម្មការិនី ដែលរស់នៅតាមផ្ទះជួល ដោយមានភ្ជាប់ជាមួយបញ្ជីឈ្មោះ និងមានបិទរូបថត ឯកសារផ្សេងៗឲ្យបានល្អប្រសើរឡើងវិញ៕