(ភ្នំពេញ)៖ កម្មវិធីទូទាត់ ដោយមិនប្រើសាច់ប្រាក់ ដែលជាកម្មវិធីមានតែមួយគត់នៅកម្ពុជា បានកត់ត្រានូវការដោះដូរទំនិញ ជាបន្តបន្ទាប់ ក្នុងទំហំជាទឹកប្រាក់ ជាងមួយលានដុល្លារហើយ ចាប់តាំងពីកម្មវិធីនេះបានដាក់ចេញឲ្យដំណើរការសាកល្បង ជាងមួយខែប៉ុណ្ណោះ នេះបង្ហាញឲ្យឃើញ ពីតម្រូវការចង់បាននូវប្រព័ន្ធទូទាត់ ដែលកាត់បន្ថយហានិភ័យ ក្នុងការកាន់ក្រដាស់ប្រាក់ ព្រមជាមួយនឹងការផ្ដល់ជូនពិសេស និងការបញ្ចុះតម្លៃជាដើម ។
កម្មវិធី ផាយ ផេ (Pi Pay) ជាប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលបានអភិវឌ្ឍឡើង នៅក្នុងប្រទេសកម្ពុជា បានកត់ត្រា ថាគិតមកត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ប្រតិបត្តិការលក់ដូរតាមរយៈកម្មវិធីនេះ គឺមានទំហំទឹកប្រាក់មួយលានដុល្លារ ។ នេះជាសមិទ្ធផលដ៏អស្ចារ្យ ដោយសារតែកម្មវិធីនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង នៅមិនទាន់បានសម្ពោធជាផ្លូវការនៅឡើយ ។
កម្មវិធី ផាយ ផេ បានបើកឲ្យសាធារណជន ប្រើប្រាស់កាលពីជាងមួយខែមុន ហើយចាប់តាំងពីពេលនោះមក កម្មវិធីនេះមានការពេញនិយមខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋក្រុងភ្នំពេញ ដោយសារតែភាពងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ ព្រមជាមួយនឹងការបញ្ចុះតម្លៃជាច្រើននៅតាមហាង ភោជនីយដ្ឋាន ទីកម្សាន្តដែលពេញនិយមនៅក្នុងរាជធានីភ្នំពេញ ។
លោក ថូម៉ាស់ ផូករនី (Tomas Pokorny) នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បានថ្លែងថា «យើងមានក្តីរំភើបដែលសាធារណជនកម្ពុជា មានទស្សនវិស័យរួមដូចយើងខ្ញុំដែរ ក្នុងការនាំមកនូវការទូទាត់ ដោយមិនប្រើសាច់ប្រាក់ មកប្រើក្នុងប្រទេសកម្ពុជា ហើយរំភើបដែលពួកគេគាំទ្រដល់យើងខ្ញុំតាមរយៈការប្រើប្រាស់កម្មវិធីនេះ ។ គ្រាន់តែគិតឃើញអំពីចំនួនប្រជាជន ដែលកំពុងតែប្រើប្រាស់កម្មវិធី ផាយ ផេ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ គឺរំភើបណាស់ទៅហើយ» ។
លោកបន្តទៀតថា «យើងបានទទួលនូវមតិយោបល់ជាច្រើន ពីអ្នកប្រើប្រាស់ថា តើពួកគេចូលចិត្តកម្មវិធីនេះដូចម្តេចខ្លះ និងថាតើពួកគេចង់បានអាជីវករណាខ្លះដែលមានប្រើកម្មវិធីនេះ ។ ទាំងអស់នេះ ពិតជាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់យើងក្នុងដំណាក់កាលសាកល្បងដែលកំពុងដំណើរការនេះ ពិតណាស់ យើងក៏បានលឺអ្នកប្រើប្រាស់ ប្រាប់អំពីការលំបាករបស់ខ្លួន ក្នុងការចាប់ផ្ដើមប្រើកម្មវិធីនេះ ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងាររបស់យើង និងតាមរយៈមណ្ឌលសេវាអតិថិជន យើងបានដោះស្រាយនូវការលំបាកទាំងនោះ ក៏ដូចជាទម្លាយរាល់បញ្ហាមួយចំនួន ដែលនេះគឺជាផ្នែកមួយធម្មតាទៅហើយ សម្រាប់កម្មវិធីដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង»។
នៅពេលដែលអ្នកប្រើប្រាស់ទាញយកកម្មវិធី ផាយ ផេ នេះរួចហើយ ពួកគាត់នឹងត្រូវបានសុំឲ្យចុះឈ្មោះ ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន ដោយអនុលោម ទៅតាមលក្ខខណ្ឌពាណិជ្ជកម្មអេឡិកត្រូនិក កំណត់ដោយធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីពិនិត្យលើសេវាទូទាត់ដោយភាគីទីបីទាំងអស់ ។ បន្ទាប់មក អ្នកប្រើប្រាស់អាចបញ្ចូលប្រាក់ទៅក្នុងគណនី ផាយ ផេ របស់ខ្លួននៅតាមបញ្ជរ Pay & Go ឬតាមរយៈតំណាងរបស់ ផាយ ផេ ដែលឈរជើងនៅជាមួយនឹងអាជីវករ ដែលប្រើប្រាស់កម្មវិធី ផាយ ផេ ហើយបន្ទាប់មកទៀត ពួកគេអាចចាប់ផ្ដើមរីករាយក្នុងការប្រើប្រាស់កម្មវិធី ផាយ ផេ នៅតាមបណ្ដារហាងនានា ក្នុងទីក្រុងភ្នំពេញ មានដូចជា កាហ្វេ កូស្តា ហាង Tour Les Jour, ភីហ្សា ខមផេនី ឱសថស្ថានយូឃែរ ហាងសម្លៀកបំពក់ លីថល ហ្វេសិន និងរោងកុន Legend (លេជិន) ជាដើម ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ។
លោក ថូម៉ាស់ ផូករនី បានឲ្យថា នៅពេលនេះ យើងហៅវាថា កម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ ពីព្រោះការទូទាត់ពីសំណាក់អតិថិជន ពិតជាមិនប្រើសាច់ប្រាក់ពិតមែន ។ ប៉ុន្តែ នៅពេលដែលយើង មានមុខងារផ្ទេរដោយផ្ទាល់ពីគណនីធនាគារ ឬសេវាផ្ទេរប្រាក់ផ្សេងទៀត យើងនឹងលែងប្រើសាច់ប្រាក់ ១០០% ចាប់ពីដើមរហូតដល់ចប់ ហើយនេះជាគោលដៅដ៏សំខាន់ដែលយើងព្យាយាមដើរឲ្យទៅដល់៕