អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងទុកពេល២សប្តាហ៍ឲ្យអភិបាលខណ្ឌទាំង១២ ចុះពិនិត្យមើលកុងស៊ីបញ្ចាំ, បើគ្មានច្បាប់ត្រូវបិទចោលតែម្តង គ្មានវប្បធម៌អន្តរាគមន៍ឡើយ (Video inside)
09-08-2017 12:01
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀត និងទុកពេល២សប្តាហ៍ ដល់អភិបាលខេត្តខណ្ឌទាំង១២ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។
ការចេញបញ្ជារបស់អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីអភិបាលរង ស្នងការ មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា «ពាក់ព័ន្ធនឹងការសន្តិសុខលោកអភិបាល ក៏បានធ្វើការណែនាំក៏ដូចជា ចាត់តាំងភារកិច្ចមួយចំនួនផងដែរ ក្នុងនោះបញ្ហាកុងស៊ីបញ្ចាំ លោកអភិបាលបានស្នើធ្វើឲ្យបានម៉ឺងម៉ាត់ជាទីបំផុត មានន័យថា មូលដ្ឋានខណ្ឌទាំង១២ ត្រូវត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំឲ្យគ្មានច្បាប់អនុញ្ញាត ត្រូវចាត់វិធានការណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវបញ្ឈប់ ឬក៏បិទកុងស៊ី ហើយស្នើសុំច្បាប់សាជាថ្មី ហើយក្នុងករណីដែលមិនព្រមទេ ខណ្ឌខ្លួនឯងត្រូវមានវិធានការរដ្ឋបាល បិទទីតាំងកុងស៊ីបញ្ចាំនោះតែម្តង។ ដូចគ្នានេះដែរ បើទោះជាទីតាំងហាងបញ្ចាំ ឬក៏កុងស៊ីបញ្ចាំ មានច្បាប់ក៏ដោយ ក៏ត្រូវធ្វើការត្រួតពិនិត្យផងដែរ ព្រោះថាការអនុវត្តច្បាប់នេះ បានគ្រប់ជ្រុងជ្រោយដែរឬទេ? ឧទារណ៍ថា កុងស៊ីរបស់ពួកគាត់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងការប្រកបអាជីវកម្មបញ្ចាំ ប៉ុន្តែមានករណីយករបស់របរ រថយន្ត ម៉ូតូ ដោយគ្មានលិខិតស្នាមបញ្ជាក់អំពីភាពជាម្ចាស់ទ្រព្យសម្បត្តិទាំងអស់នេះ ដោយកុងស៊ីមួយចំនួនក៏ទទួលយកដែរ ដែលនេះហើយបានបង្ហាញអំពីការមិនទទួលខុសត្រូវ ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជា ករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីទាំងអស់នោះហើយ គឺជាអ្នករកស៊ីទទួលបញ្ចាំ និងទិញផលចោរកម្មនេះ»។
កិច្ចការនេះអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់យ៉ាងខ្លាំងរហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។
លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ»៕
ទីតាំងកុងស៊ីបញ្ចាំ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនាពេលកន្លងទៅ