(ភ្នំពេញ)៖ ជប៉ុន នឹងសិក្សាគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅរាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ ព្រមទាំងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាផងដែរ។
យោងតាមលទ្ធផលផ្លូវការនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រទេសជប៉ុន ដែលក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការព្រមព្រៀងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលនៅលើអាកាសរបស់ជប៉ុននេះ បានធ្វើឡើងតបតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីភ្នំពេញ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក៕