(កោះកុង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបស្ដ្រីជាមេក្លោង ជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន២,០០០គ្រាប់ និងម៉ាទឹកកកមួយកញ្ចប់ធំ។
លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងកើតផ្សារដងទង់ ស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមលោកមេបញ្ជាការរង ស្ដ្រីមេក្លោងជួញដូរគ្រឿងញៀននេះ ឈ្មោះ ទួន ណាវី អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល២២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុងនោះ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ និងប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា)ចំនួន២,០០០គ្រាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕