(កំពង់ធំ)៖ អាជ្ញាធរស្រុកសណ្ដាន់ ​សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងអង្គការអត្រា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយ នៅស្រុកសណ្ដាន់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យកាន់តែជ្រាបច្បាស់ពីសារសំខាន់ នៃការបំបៅកូនដោយទឹកដោះម្ដាយ ក្រោយពីមានរបាយការណ៍របស់ស្ថាប័នជំនាញបានបង្ហាញថា ចាប់ពីឆ្នាំ២០១០-២០១៤ អត្រានៃការបំបៅដោះកូនដោយទឹកដោះម្ដាយពេញលេញនៅកម្ពុជា មានការធ្លាក់ ចុះគួរឲ្យកត់សម្គាល់។

ទិវានេះមានការចូលរួមពីលោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ លោក រ័ត្ន រម្យនា ប្រធានគម្រោងអោបរបស់អង្គការអត្រា ហើយក្នុងនោះក៏បានរៀបចំជាសារចំនួន ៥ចំណុចផងដែររួមមាន៖
១៖ យើងរួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីអនាគតដ៏ប្រសើរបស់កូនយើង
២៖ ទឹកដោះម្តាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារ
៣៖ កើតភ្លាម បៅដោះម្តាយភ្លែត កូនមានសុខភាពល្អ
៤៖ បំបៅកូនដោយទឹកដោះម្តាយ ឲ្យបានឆាប់ក្នុងម៉ោងដំបូង បន្ទាប់ពីសម្រាលគឺជួយសង្គ្រោះជីវិតទារកបានយ៉ាងច្រើន
៥៖ បំបៅដោះកូនឲ្យបាន២ឆ្នាំយ៉ាងតិច ហើយត្រូវផ្តល់អាហារបន្ថែមចាប់ពី ៦ខែឡើងទៅ។

លោក ឡង គីស៊ឹង លើកឡើងបញ្ជាក់ថា ដោយយោងតាមរបាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញអំពីលទ្ធផលនៅក្នុងប្រទេសកម្ពុជា ការអនុវត្តបំបៅកូនដោយទឹកដោះម្ដាយពេញលេញ នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ បានធ្លាក់ចុះពី ៧៣.៥% នៅឆ្នាំ២០១០ មកត្រឹម ៦៤.៦% នៅឆ្នាំ២០១៤។ ការចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាម ក្នុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្ដាយ រហូតដល់អាយុ១២ខែ ត្រូវបានរកឃើញថា ធ្លាក់ចុះពី ៦៥.៣% មកត្រឹម ៦២.៦% និងធ្លាក់ចុះពី ៨៣% មកត្រឹម ៨០%។ បន្ថែមពីនេះ ការផ្ដល់អាហារបន្ថែមមុនអាយុដែលបានកំណត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងនៅតាមទីប្រជុំជន និងជនបទនៅរវាងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។

លោកអភិបាលស្រុកបន្ថែមថា ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះទាំងនេះ គឺជាកិច្ចការដ៏បន្ទាន់បំផុត ដើម្បីធ្វើឱ្យការអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ នៅទូទាំងប្រទេសមានភាពប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះ ក៏បានរកឃើញនូវមូលហេតុជាច្រើន ដែលបណ្ដាលឱ្យមានការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្ដាយ ដូចជា ការធ្វើចំណាកស្រុក កង្វះខាតចំណេះដឹងអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ទំនៀមទម្លាប់វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងមានការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្ដាយ (ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះនេះ ទើបកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល ដោយមានជំនួយបច្ចេកទេសពីអង្គការដៃគូ HKI Unicef MTI FHI36 Alive, អង្គការ Thrive Save the children និងអង្គការ wvc បានសហការស្វែងរកការផ្ដួចផ្ដើមជាថ្មី ដើម្បីឱ្យមានការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ ឡើងវិញចាប់ពីឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៧ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល សហការជាមួយអង្គការ HKI និងអង្គការពាក់ព័ន្ធដទៃទៀត ធ្វើការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ ក្រោមប្រធានបទ «យើងរួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីអនាគតដ៏ប្រសើររបស់កូនយើង»៕