(ភ្នំពេញ)៖ ក្រុមជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្របួចបានភ្លាមៗក្រោយធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ តែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០២៖៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិ​តាងួន សង្កាត់កាកាបទី១។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភ័ក្របានចេញពីក្លឹបរាំលេងកម្សាន្ដដោយជិះតាម បណ្ដោយផ្លូវជាតិលេខ៣ លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកឆក់កាបូបតែម្ដង តែមិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលបង្ក្រាបភ្លាមៗ។  

បើតាមមន្ដ្រីនគរបាលជនរងគ្រោះ ឈ្មោះ អេង បូរមី អាយុ២០ឆ្នាំ ដោយឡែកជនសង្ស័យទាំង២ឈ្មោះ ​មាស ​រ័ត្ន អាយុ១៨ឆ្នាំ និងឈ្មោះ ស៊ីម ​សីហា អាយុ១៧ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការ បន្ដតាមច្បាប់៕

ជនរងគ្រោះ