(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស បទឧក្រិដ្ឋឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។
ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងឯកឧត្តម Andrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP)។
ក្នុងជំនួបខាងលើនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក Andrew Colvin អគ្គស្នងការនគរបាល សហព័ន្ធអូស្ត្រាលី (AFP) បានពិភាក្សាផ្តោតទៅលើខ្លឹមសារសំខាន់ៗដូចជា៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស បទឧក្រិដ្ឋឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។ ក្នុងជំនួបនេះដែរ លោក Andrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក៏បានបង្ហាញជំហរគាំទ្រជួយដល់កម្ពុជា លើការងារបណ្តុះបណ្តាល ការផ្លាស់ប្តូរប្រតិភូ និងការចែករំលែកព័ត៌មាន ដែលបម្រើដល់ការងារទប់ស្កាត់ឧក្រិដ្ឋកម្ម។
ក្នុងឱកាសនោះដែរ គណៈប្រតិភូនគរបាលជាតិកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញចំនុះនគរបាល AFP ចំនួន ៣ គឺ នាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្ថានភាពឧក្រិដ្ឋកម្ម និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការបង្ក្រាបបទល្មើសទាំងនោះ។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំ នគរបាល AFP រួចមកគណៈប្រតិភូនគរបាលជាតិកម្ពុជា ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌលកោសលវិច្ច័យ មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការ និងបានអញ្ជើញដាក់កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធនគរបាលអូស្ត្រាលីពលីផងដែរ។
សូមរំលឹកថា នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាន គរបាលជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៧ ដល់៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ លោក Andrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ៕