(ភ្នំពេញ)៖ លោក លឹម សុភា អភិបាលខណ្ឌ៧មករា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់, ប្រជាការពារ២៥០នាក់ និងក្រុមអ្នកសំអាត របស់ក្រុមហ៊ុនស៊ីនទ្រី ចុះប្រមូលសំរាមតាមដងផ្លូវ, អគារ និងតាមបរិវេណផ្សារ។
យុទ្ធនាការចុះប្រមូលសំរាមនេះ បានចាប់ផ្តើមពីម៉ោង៧ព្រឹក ដោយចេញដំណើពីមុខសាលាខណ្ឌ៧មករា ឆ្ពោះទៅអគារបូរីកីឡា សង្កាត់វាលវង់, សង្កាត់អូរប្ញស្សី២ ,៣ ,៤ ,សង្កាត់មនោរម្យមិត្តភាព និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ថ្លែងទៅកាន់ក្រុមមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ និងក្រុមអ្នកសំអាត របស់ក្រុមហ៊ុនស៊ីនទ្រី មុនចាប់ផ្តើមចុះប្រមូលសំរាម លោក លឹម សុភា បានថ្លែងថា «បរិស្ថានល្អ បានមកនូវសុខភាពល្អ បរិយាកាសល្អ សោភណ្ឌ័ភាពទីក្រុងល្អ ទាក់ទាញភ្ញៀវទេសចរ មកកាន់ប្រទេស និងរាជធានីប្រវត្តិរបស់កម្ពុជាយើង គឺរាជធានីភ្នំពេញ»។
អភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងទូទាំងសង្កាត់ចំនួន៨ក្នុងខណ្ឌ និងគណៈគ្រប់គ្រងផ្សារអូរប្ញស្សី។ សម្រាប់ថ្ងៃនេះ យើងចាប់ផ្តើមប្រមូល និងរើសសំរាមតាមដងផ្លូវ និងតាមជណ្តើរនៃអគារបូរីកីឡា ហើយសកម្មភាពនេះត្រូវធ្វើឡើងជាប្រចាំ។
លោក លឹម សុភា ក៏បានទទួចដល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅស្ថាន ជាពិសេសបងប្អូនរស់នៅតាមអគារបូរីកីឡា និងអ្នកលក់ដូរក្នុង ក្រៅផ្សារ ត្រូវចេះចូលសំអាតបរិស្ថាន កំចាត់សំរាមក្នុងបឹង ឫវត្ថុរឹងក្នុងលូ បង្ហូរជាដើម ទើបខណ្ឌមានបរិស្ថានល្អ បានមកនូវសុខភាពល្អ បរិយាកាសល្អ សោភណ្ឌ័ភាពទីក្រុងល្អ ទាក់ទាញភ្ញៀវទេសចរ មកកាន់ប្រទេស និងរាជធានីប្រវត្តិរបស់កម្ពុជាយើង គឺរាជធានីភ្នំពេញ៕