(តាកែវ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបដិសេធ និងច្រានចោលលើព័ត៌មានថា មួយយប់ៗ ជ្រូកជាង៣,០០០ក្បាល ត្រូវបាននាំចូល ពីប្រទេសវៀតណាម តាមច្រករបៀងក្នុងខេត្តតាកែវ មកចែកចាយនៅតាមទីផ្សារក្នុងប្រទេស កម្ពុជា ដែលមន្ដ្រីរូបនេះអះអាងត្រឡប់ទៅវិញថា តម្រូវការជ្រូកបន្ថែមសម្រាប់ផ្គត់ផ្គង់ នៅរាជធានីភ្នំពេញ មានពី១,២០០ក្បាលទៅ ១,៣០០ក្បាល ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយសម្រាប់ការនាំចូលតាមខេត្តតាកែវ មានចំនួនត្រឹមតែ៥៣៤ក្បាល ក្នុងមួយថ្ងៃស្មើនឹង ១១រថយន្ដ។

យោងតាមលិខិតបំភ្លឺមួយរបស់លោក ឡោ រស្មី អគ្គលេខាធិការ នៃក្រសួងកសិកម្ម ដែលបានផ្ញើមកកាន់ការិយាល័យនិពន្ធព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា ការនាំចូលជ្រូកជាតម្រូវការតាមបណ្ដាខេត្ត គឺមានចំនួនសរុបពី៣៥០ក្បាល ទៅ៥០០ក្បាល ក្នុងមួយថ្ងៃ ដែលក្រសួងបានផ្ដល់ជាគោលការណ៍អនុញ្ញាតិ ឲ្យក្រុមហ៊ុនស្របច្បាប់ចំនួន៧ នាំចូលជ្រូករស់ស្របតាម ស្ដង់ដាអនាម័យ និងមានការត្រួតពិនិត្យសុខភាព ដោយត្រូវអនុវត្តតាមវិធានបច្ចេកទេស ក្នុងការរួមចំណែកធានា ដល់សុខភាព សាធារណៈ និងគ្រប់គ្រងដល់ស្ថិរភាពតម្លៃសាច់ សត្វ និងផលិតផល មានដើមកំណើតពីសត្វ នៅតាមទីផ្សារក្នុងប្រទេសកម្ពុជា។

លោក ឡោ រស្មី បានបញ្ជាក់បន្ថែមថា «នៅតាមច្រក​ខេត្តតាកែវ មានក្រុមហ៊ុនចំនួន៣ដែលទទួលបានគោលការណ៍អនុញ្ញាតិឲ្យនាំចូល ជ្រូករស់ពីប្រទេសវៀតណាម មានចំនួនសរុប៥៣៤ក្បាល ក្នុងមួយថ្ងៃស្មើនឹង១១រថយន្ដ ដោយស្ថិតក្រោមការត្រួតពិនិត្យកាត់ស្ដុក ពីជំនាញបសុពេទ្យទៅតាមតម្រូវការជាក់ស្ដែង សម្រាប់ស្ថេរភាពទីផ្សារ នៅរាជធានី និងបណ្ដាខេត្តមួយចំនួន»។

តាមមន្ដ្រីជាន់ខ្ពស់រូបនេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានសហការជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចាប់ផាកពិន័យក្រុមហ៊ុន ដែលលួចបន្លំដឹក លើសចំនួន នៅលួចដឹកជញ្ជូនតាមច្រកផ្សេងៗ ក្រៅពីច្រកដែលកំណត់នៅក្នុងលិខិតអនុញ្ញាតិ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីបសុពេទ្យតូចតាចនៅខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ច្រករបៀង ព្រំដែនតាកែវចំនួន៣ក្នុងនោះ ក៏មានច្រករបៀងទម្លាប់ផងដែរ គឺជាច្រកដែលមានអំណោយផលល្អបំផុត សម្រាប់ឈ្មួញនាំជ្រូកពី ប្រទេសវៀតណាម ចូលកាន់ទីផ្សារ ប្រទេសកម្ពុជា ដោយគេដឹកជញ្ជូនតាមរថយន្តកូរ៉េក្នុងមួយយប់ៗ រាប់សិបរថយន្តមិនតិចជាង ៣០០០ក្បាលនោះទេ ក្នុង១យប់ៗ។

ជ្រូកទាំងនេះខ្លះឆ្លងដែនស្របច្បាប់ និងខ្លះទៀតមិនស្របច្បាប់នោះឡើយ ហើយមន្រ្តីជំនាញចុះទៅពីក្រសួងស្ទាក់ ចាប់ចំពោះការ សង្ស័យថា មិនស្របច្បាប់នោះ ស្រាប់តែឈ្មួញមានលិខិតផ្សេងមួយទៀត ដែលចេញដោយមន្ទីរកសិកម្មខេត្តតាកែវបញ្ជាក់ថា ជាជ្រូកក្នុងស្រុក។

បើតាមមន្រ្តីបសុសត្វខាងលើនេះ បានលួចបន្តទៀតថា វៀតណាមគេមានកន្លែងស្តុកសត្វជ្រូកដ៏ធំ នៅក្បែរព្រំដែន តាមច្រកនីមួយៗ រួចហើយគេដឹកជញ្ជូនតាមរថយន្ត កូរ៉េក្នុង១រថយន្តមិនលើសពី៦០ក្បាលនោះទេ ក្នុងមួយយប់ៗ ឈ្មួញដឹកជញ្ជូនរាប់សិបរថយន្តមិន តិចជាង៣០០០ក្បាលនោះទេ គេដឹកទៅកាន់គ្រប់ផ្សារទាំងអស់ក្នុង ប្រទេសកម្ពុជា និងដឹកចូលមកកាន់ក្រុងភ្នំពេញផងដែរ។ លិខិត១ គេអាចដឹកបានរហូតដល់ទៅ២ជើង ដោយរថយន្ត២គ្រឿង ប្រើស្លាកលេខតែ១ ជាពិសេសនោះ គេកាន់លិខិតរហូតដល់ទៅ២លិខិត ដែលលិខិត១ច្បាប់ ចេញដោយក្រសួង និង១ច្បាប់ទៀត ចេញដោយមន្ទីរកសិកម្មខេត្តតាកែវ បញ្ជាក់ថា ជាសត្វជ្រូកក្នុងស្រុក តែធាតុពិត ជាជ្រូកនាំចូលពីប្រទេសវៀតណាមទាំងអស់៕