(កំពង់ចាម)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី០៩ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានពន្យាពេលមួយថ្ងៃ ក្រោយអាជ្ញាធរតម្រូវឲ្យមានការសុំច្បាប់អនុញ្ញាតិជាមុន។
លោក ពេជ្រ ស្រស់ ដែលជាអ្នកបង្កើតនូវយុទ្ធនាការនេះ បានលើកឡើងថា នៅថ្ងៃទី០៩នេះ លោក រួមជាមួយក្រុមការងារ មិនបានធ្វើការរៃអង្គាសថវិកានោះទេ ព្រោះតែអាជ្ញាធរមូលដ្ឋានមិនបានអនុញ្ញាត ពោលគឺអាជ្ញាធរចាំបាច់តម្រូវឲ្យលោកសុំច្បាប់អនុញ្ញាតិជាមុនសិន ហេតុនេះហើយទើបសម្រេច ពន្យាពេលមួយថ្ងៃតែម្ដង ដោយមួយថ្ងៃនេះលោកដាក់ជំនួសនៅថ្ងៃទី៣១វិញ។
ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា រយៈពេល៨ថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋជាង១៣០០នាក់ហើយ បានចូលរួមជួយបរិច្ចាគ នៅក្នុងខេត្តត្បូងឃ្មុំ។ លោកបានបញ្ជាក់ថា ដោយសារគណៈកម្មការមុន មិនអាចជួយរកថវិកាដើម្បី កសាងបានលោក រួមនឹងក្រុមការងារ របស់គណបក្សយុវជនកម្ពុជា បើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌។
លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ការរៃអង្គាសថវិកានេះ គឺលោកផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយយុទ្ធនាការ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី នាពេលនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ ដោយសប្បុរសជននានាអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕