(តូក្យូ-ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រ Facebook របស់សម្តេចថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចបានដឹកនាំគណៈប្រតិភូវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការអស់រយៈពេល ៣ថ្ងៃកន្លងទៅ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចរយៈពេល៣ថ្ងៃកន្លងទៅនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃកន្លងទៅនេះ សម្តេចបានចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន Naruhito និងបានជួបប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzho Abe។
សម្តេចតេជោ បានបន្ថែមថា កម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយារមកហើយ គឺចាប់តាំងពីឆ្នាំ១៩៥៣ ហើយចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១ គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាព កាលពីឆ្នាំ១៩៩២ ដែលគិតមកទល់ពេល នេះគឺមានរយៈពេល ២៥ ឆ្នាំហើយ។
សម្តេចប្រមុខបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្រ្តី ប្រទេសទាំងពីរបានចុះអនុស្សារណៈលើឯកសារសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ឋកាពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហុ។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនោះ សម្តេចក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុនផងដែរលើគម្រោងអោយមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅរាជធានីភ្នំពេញ។ សម្តេចក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ឋភាពក្នុងការដោះស្រាយបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដើម្បីកែច្នៃឲ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានកសាងប្រទេសចេញពីភ្លើងសង្រ្គាមបានបញ្ជាក់ទៀតថា ក្នុងដំណើទស្សនកិច្ចនៅក្នុងប្រទេស់ជប៉ុននេះ សម្តេចក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។
បើតាមសម្តេចតេជោ ការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុននេះ ក៏ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ជាមួយនឹងការអនុគ្រោះលើការនិយោគ។ សម្តេចក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច និង លោកនាយករដ្ឋមន្រ្តី Abe នឹងបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងជាង ២,០០០លានដុល្លារនៅឆ្នាំខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានអញ្ជើញសម្តេចទៅទស្សនកិច្ចនៅជប៉ុននៅឆ្នាំនេះ ព្រមទាំងបានសន្យានឹងជួយកម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណលោកនាយករដ្ឋមន្រ្តីជប៉ុន ដែលបានរៀបចំខួបកំណើតជូនសម្តេចនៅលើទឹកដីជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ខណៈប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងនាំមកផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕