(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបង្កឡើងនៅចុងខែកក្កដា ឆ្នាំ២០១៧នេះ បានប៉ះពាល់ផ្ទៃដីដំណាំស្រូវជាង១១,៨៣៨ហិចតា ក្នុងនោះខូចខាតសន្ទូង-ស្រូវពង្រោះចំនួន២០៩៤ហិចតា នៅក្នុងខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហានេះ។
ឆ្លើយតបបញ្ហាខូចខាតដំណាំស្រូវរបស់កសិករនេះ ក្រសួងកសិកម្មបានអះអាងថា ខ្លួនបានណែនាំដល់កសិករ ឲ្យរកពូជស្រូវស្រាលមិនប្រកាន់រដូវ ពូជដំណាំរួមផ្សំផ្សេងៗទៀត និងបន្តចុះធ្វើអន្តរាគមន៍ជួយស្ទូង ព្រោះ លើការស្តារឡើងវិញនូវការខូចខាត ដោយទឹកជំនន់ទឹកភ្លៀងឲ្យទាន់រដូវកាលដំាំដុះ នាចុងរដូវវស្សានេះ។
ជាមួយគ្នានេះ ក្រសួងកសិកម្មបានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដំណើរការការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចបាន ៨៦.១៥ភាគរយ ស្មើនឹងផ្ទៃដី ២,១៥១,០៤៩ហិចតា៕