(ភ្នំពេញ)៖ នៅក្នុងការអមដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសជប៉ុន, លោក បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ លោក ថារ៉ូ អាសូ (H.E. Taro Aso) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងហិរញ្ញវត្ថុជប៉ុន នាទីក្រុងតូក្យូ។

ជាកិច្ចចាប់ផ្តើម លោក ថារ៉ូ អាសូ បានថ្លែងអំណរគុណ លោកបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការអមដំណើរបំពេញ ទស្សនកិច្ចផ្លូវការ មកជួបពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការនានារវាងក្រសួងទាំងពីរ។

លោកបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានជម្រាបជូនសមភាគីអំពីសមិទ្ធិផលនានា ដែលកម្ពុជាសម្រេចបាន ក្រោមការជួយជ្រោមជ្រែងពីភាគីជប៉ុន ដែលនៅក្នុងនោះមាន កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំប្រមាណ ៧,៧% ក្នុងរយៈពេល២ទសវត្សកន្លងមក, ការកាត់បន្ថយភាពក្រីក្រពីប្រមាណ៥៤% នៅឆ្នាំ ២០០៤ មកប្រមាណ ១៣,៥% នៅឆ្នាំ ២០១៤, ការសម្រេចបាននូវការប្រមូលចំណូលលើសពី ០,៥ ពិន្ទុភាគរយនៃ ផ.ស.ស.ក្នុងមួយឆ្នាំ ដោយបានកើនឡើងពី ១៥% នៅឆ្នាំ២០១៣ រហូតដល់ ១៨,៦ នៅឆ្នាំ ២០១៧ និងការឈានឡើង និងសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ការកើនឡើងនៃចំណូលជាតិ និងការបន្តទទួលបាននូវសុខសន្តិភាពពេញលេញ បានអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពបង្កើនចំណាយទៅលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសក្រសួងហិរញ្ញវត្ថុជប៉ុន ដែលតែងតែផ្តល់នូវជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ផ្សេងៗដល់កម្ពុជា។ នៅក្នុងរយៈពេលកន្លងមក ជប៉ុនបានផ្តល់នូវជំនួយបច្ចេកទេសជាច្រើននៅក្នុងការកែលម្អរដ្ឋបាលពន្ធដារ, កិច្ចការងារគយ និងរដ្ឋាករកម្ពុជា និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជំនួយបច្ចេកទេសទាំងនេះបានធ្វើឱ្យប្រសើរឡើងនូវការប្រមូលចំណូល និងកែលម្អរប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ទន្ទឹមនេះដែរ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំំណរគុណដល់ក្រសួងហិរញ្ញវត្ថុជប៉ុន ដែលបានផ្តល់កប៉ាល់ប្រដេញពីរគ្រឿងដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កប៉ាល់ប្រដេញនេះនឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើរត់ពន្ធនៅលើផ្ទៃសមុទ្រ។

ឆ្លើយតបនឹងសំណូមពររបស់លោកទេសរដ្ឋមន្ត្រី ភាគីជប៉ុនប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការផ្តល់នូវជំនួយបច្ចេកទេសការបណ្តុះបណ្តាល មន្រ្តីពន្ធដារ និងមន្រ្តីគយ ការរៀបចំនូវបញ្ជរជាតិតែមួយ ការកែលម្អរប្រព័ន្ធពន្ធដារនិងពន្ធគយ ។ល។

ដើម្បីបន្តពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារបន្ថែមទៀត។ ក្នុងឱកាសនេះដែរ ភាគីជប៉ុនបានថ្លែងកោតសរសើរ ចំពោះសមិទ្ធិផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ បន្ថែមលើនេះ ភាគីទាំងពីរបានពិភាក្សាអំពី គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅអាស៊ី-អាគ្នេយ៍ ដែលជាគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ ពីគ្រោះមហន្តរាយផ្សេងៗ សម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគម្រោងនេះកំពុងស្ថិតនៅក្រោមការសិក្សាសមិទ្ធិលទ្ធភាព៕