(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីណែនាំជាផ្លូវការ ស្តីពីការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ដោយសារតែនៅពេលបច្ចុប្បន្ននេះ សកម្មភាពយករំលោភចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ បាននិងកំពុង កើតមានឡើង។
យោងតាមសេចក្តីណែនាំរបស់ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា «ក្នុងរយៈពេល កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននិងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពានលើច្បាប់បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់»។
សាលារាជធានីភ្នំពេញ បានចាត់ទុកថា «អំពើរំលោភបំពានទាំងនេះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ ការតសំយ៉ាប ការហ៊ុព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗជាលក្ខណៈឯកជន បានបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមាន ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ»។
សូមអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖