(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ គឺជាគំរប់ខួប១ឆ្នាំ ថ្ងៃនៃការបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន និងមានសមាជិកស្ថាបនិកដំបូង២០រូប និងមានទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន។
ជាក់ស្ដែងនៅល្ងាចនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីជប់លៀង ជាមួយសមាជិក សមាជិការរបស់ខ្លួន ដើម្បីជាការអបអរសាទរគំរបខួប១ឆ្នាំ នេះផងដែរ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ធ្លាប់បានឲ្យដឹងថា ការបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺដើម្បីដើរតួនាទីរួមចំណែកជា ផលប្រយោជន៍ធំ៣យ៉ាង៖ ទី១៖ ដើម្បីបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន, ទី២៖ ដើម្បីបម្រើ ផលប្រយោជន៍ អ្នកទទួលព័ត៌មាន នោះគឺប្រជាជន និងទី៣៖ ដើម្បីផលប្រយោជន៍មាតុភូមិកម្ពុជា។
តាមផែនការងារ គឺសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងសហការជាមួយស្ថាប័នផ្លូវការ ទាំងផ្នែករដ្ឋ វិស័យឯកជន អង្គការជាតិ និង អន្តរជាតិផ្លូវការ ដើម្បីចូលរួមសិក្ខាសាលាធ្វើបទបង្ហាញ ក្នុងនោះមានទាំងអំពី វិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋបាល វិស័យ ឯកជនជាដើម ដើម្បីសិក្ខាកាមជាអ្នកសារព័ត៌មាន មានចំណេះដឹងជាមូលដ្ឋានពិតប្រាកដ។
ពេលនោះហើយ គេនឹងឃើញពីការប្រែប្រួល គុណភាពនៃការផ្សព្វផ្សាយ ហើយក៏នឹងឃើញការប្រែប្រួល ឥរិយាបទជាវិជ្ជមាននៃការគិតរបស់សង្គម ។ គុណភាពព័ត៌មាននឹងរួមចំណែក ធ្វើឲ្យសង្គមមាននិរន្តភាព ក្នុងនោះក៏រួមចំណែករក្សាបាននូវទ្រព្យសម្បត្តិ របស់របរ មរតកជាតិ ឧត្តមគតិជាតិ និងកិត្យានុភាពរបស់ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្សតជំនាន់មនុស្ស។
សូមជម្រាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង២០រូប និងមានទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន៕