(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារ នៅរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្ដក្រុងចំនួន២២៧នាក់ ខណៈដែលអាជ្ញាធរនឹងបង្កើតខ្សែរត់រថយន្ដក្រុង រហូតដល់៨ខ្សែ នាពេលបច្ចុប្បន្ននេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បេក្ខជន-បេក្ខនារី ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារ ដោយគិតពីអាយុ១៨ឆ្នាំ ដល់៥០ឆ្នាំ ខាងផ្នែករដ្ឋបាល គណនេយ្យ បច្ចេកទេស គ្រប់គ្រងខ្សែរត់ បើកបរ បញ្ជារថយន្ដ ប្រមូលកម្រៃសេវា អធិការកិច្ច និងដោះស្រាយវិវាទ។
តាមរយៈសេចក្ដីជូនដំណឹងនេះ បេក្ខជនទាំង២ភេទ អាចដាក់ពាក្យចូលប្រឡងរៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការរដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្ដក្រុង តាមផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ពោលក្នុងបរិវេណអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៣ខ្សែរួមមាន 087 878 575, 093 747 074, 098 555 581។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសម្រេចដាក់រថយន្តក្រុងថ្មី ដែលជាជំនួយរបស់ប្រទេសចិនចំនួន១០០គ្រឿង ជំនួសខ្សែររត់ចាស់ និងបានណែនាំឲ្យអ្នកបើកបរ មានក្រមសីលធម៌ គោរពច្បាប់ ចរាចរណ៍ផងដែរ។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុង កិច្ចប្រជុំពិភាក្សាការរៀបចំតម្រាយ ផ្លូវសម្រាប់ រថយន្តក្រុងថ្មី១០០គ្រឿង ជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយ ចំនួនទៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
សូមអានព័ត៌មានលម្អិតនៃលិខិត ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖