(កំពង់ចាម)៖ លោក វែន សំអុល មេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាឲ្យអេស្កាវ៉ាទ័រទៅកាប់ប្រឡាយទឹក លើចិញ្ចើមផ្លូវលំរបស់គម្រោងបឹងទន្លេសាប ឆ្នាំ២០១៥ ក្នុងភូមិត្រយ៉ង់ពង ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បណ្ដាលឲ្យរងការខូចខាត ប្រវែងជាង៤០០ម៉ែត្រ។
បន្ទាប់ពីទទួលបានព័ត៌មានពីមន្ដ្រីជំនាញរួចមក អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសទុកពេល១សប្ដាហ៍ ឲ្យមេឃុំរូបនេះ ធ្វើការជួសជុលផ្លូវឲ្យដូចដើម ពីព្រោះវាជាការបំផ្លាញជាក់ស្ដែង ទៅលើទ្រព្យសម្បត្តិសាធារណៈ ជាផលប្រយោជន៍សាធារណៈ ហើយបើក្នុងរយៈពេល១សប្ដាហ៍ មិនអាចធ្វើការជួសជុលទាន់ពេលវេលានោះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។
នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នាកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី៣៩ អាណត្តិទី២ លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងថា «នាព្រឹកថ្ងៃទី៧ ខែសីហា លោក វែន សំអុល មេឃុំជើងព្រៃ ដែលជាមេឃុំជាប់ឆ្នោតថ្មី បានបញ្ជាឲ្យអេស្កាវ៉ាទ័រកាប់ប្រឡាយទឹកលើចិញ្ចើមផ្លូវលំរបស់គម្រោងបឹងទនេ្លសាបឆ្នាំ២០១៥ ស្ថិតនៅភូមិត្រយ៉ងពង ឃុំជើងព្រៃ ស្រុកបាធាយអស់ប្រវែង៤០០ម៉ែត្រខូចខាតទាំងស្រុង ដែលជាគម្រោងរបស់ ADB»។
បន្ទាប់ពីទទួលបានរបាយការណ៍ពីមន្ត្រីជំនាញ ស្រុកបានចេញលិខិតឲ្យបញ្ឈប់ជាបន្ទាន់ និងបានហៅលោកមេឃុំរូបនេះ មកប្រជុំណែនាំដោះស្រាយនៅសាលាស្រុលបាធាយ ដោយមានការចូលរួមពីលោក ពោយ សុខជា ប្រធានគម្រោង និងលោកទីប្រឹក្សាគម្រោងបឹងទន្លេសាបនៅម៉ោង២រសៀល។ លទ្ធផលគឺលោកមេឃុំរូបនេះ ព្រមទទួលកំហុស និងធានាថា នឹងកាយលុបវិញជួសជុលផ្លូវនេះឲ្យដូចដើមក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីប្រជុំនេះទៅ។
លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទុករយៈពេលមួយអាទិត្យ សម្រាប់លោកមេឃុំ វែន សំអុល ជួសជុលផ្លូវនេះឲ្យដូចដើមឡើងវិញ បើពុំដូច្នោះទេ ខ្ញុំនឹងធ្វើទៅតាមផ្លូវច្បាប់ ហើយកុំនិយាយថា ខ្ញុំធ្វើព្រោះរឿងនយោបាយ នេះគឺការបំផ្លាញជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ ផលប្រយោជន៍សាធារណៈ»៕