(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវលោក ជា ពិសី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសម្តងទៀតថា ប្រជាពលរដ្ឋប្រមាណជាង៦ពាន់នាក់ ដែលមកពីតាមភូមិនានា ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ នឹងទទួលបានការពិនិត្យព្យាបាលជំងឺផ្សេងៗទូទៅ ដោយមិនមានបង់ថ្លៃសេវាសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។
លើសពីនេះលោក ជា ពិសី បានបញ្ជាក់ថា «សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា» ហៅកាត់ថា (ស.គ.ស.ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានសហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ និងចាប់ផ្ដើមចុះធ្វើការត្រួតពិនិត្យព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃជូនដល់សាធារណជន កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋ នូវទូទាំងខណ្ឌឫស្សីកែវចំនួន៦ពាន់នាក់ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០១៧ខាងមុខ ស្ថិតនៅក្នុងបរិវេណសាលារៀននូបៃ (គីឡូម៉ែត្រលេខ៩) ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
លោកបានបន្តទៀតថា ជំងឺដែលត្រូវពិនិត្យ និងព្យាបាលរួមមាន៖ ជំងឺបេះដូង និងសរសៃឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺភ្នែក ជំងឺសើស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺវះកាត់ និងសន្លាក់ ជំងឺមាត់-ធ្មេញ ផ្នែកពិនិត្យអេកូសាស្ត្រ ជំងឺរោគស្ត្រី និងពិនិត្យផ្ទៃពោះ ផ្នែកមន្ទីរពិសោធន៍ ផ្នែកអប់រំសាធារណៈ ជំងឺតម្រងនោម ផ្នែកពិនិត្យបឋម និងវាស់សំពាធឈាម។ល។ដូច្នេះរដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹម និងជឿជាក់ថា សាធារណជន កម្មករ-កម្មការិនី សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋ នូវទូទាំងខណ្ឌឫស្សីកែវ និងឆ្លៀតពេលដ៏មមាញឹកអញ្ជើញចូលរួមពិនិត្យ និងធ្វើការព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃតាមកាលបរិច្ឆេទខាងលើកុំបីអាក់ខាន៕