(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះពិនិត្យ ចំណីអាហារ និងផ្សព្វផ្សាយដល់អាជីករ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីផលប៉ះពាល់ ដែលបណ្តាលមកពីបរិភោគ ចំណីអាហារខូចគុណភាព ដែលមានដាក់តាំងលក់នៅផ្សារក្រឡាញ់ និងនៅតាមផ្ទះស្ថិតក្នុងភូមិសាស្រ្ត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
ជាមួយគ្នានោះដែរ ក្រុមការងារបានពិនិត្យរកឃើញផលិតផលខូចគុណភាពជាង៩០គីឡូក្រាម និងបានធ្វើកំណត់ហេតុ ដកហូតមករក្សាទុកដើម្បីសុំគោលការណ៍កម្ទេចចោល នៅពេលក្រោយ ដែលក្នុងនោះរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ទឹកផ្លែឈើចម្រុះ ទឹកសណ្តែក តែកំប៉ុង កាហ្វេកែវ ទឹកស៊ីរ៉ូដប នំចម្រុះ ស្ករកៅស៊ូ និងភេសជ្ជៈកំប៉ុងមួយចំនួនទៀត សរុបមានទម្ងន់ ៩១.៩០៤គីឡូក្រាម។
ក្រុមការងារបានធ្វើតេស្តទៅលើ ចំណីអាហារមួយចំនួន ដើម្បីបន្តស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ ប៉ុន្តែពុំត្រូវបានរកឃើញឡើយ៕