(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោកស្រី ប៉ូតទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីលទ្ធផលវិជ្ជមាននៃកម្មវិធីកំណែទម្រង់របស់ក្រសួង ចំពោះការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដោយក្នុងនោះការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញតាមអនឡាញ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវបានកាត់បន្ថយពីរយៈពេល ២សប្តាហ៍ មកនៅត្រឹម ៤៨ម៉ោង ហើយឯកសារតម្រូវសម្រាប់នាំចេញតិចជាងមុន។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថា នៅក្នុងពេលខាងមុខ ក្រសួងនឹងមិនតម្រូវឲ្យមានការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ ដើម្បីនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបទៀតឡើយ ដែលប្រការនេះនឹងជួយសម្រួល ដល់ពាណិជ្ជករ និងធុរជន ព្រមទាំងការធ្វើពិពិធកម្ម (ពង្រីក) វិស័យនាំចេញរបស់កម្ពុជាថែមទៀត។
ក្នុងឱកាសនោះ លោកស្រី ប៉ូតទី ដូនីកា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលដល់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកស្រី បានកត់សម្គាល់ពីការចូលរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងការផ្គត់ផ្គង់ទំនិញដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិទៅកាន់កាណាដា និងបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបន្តកែលម្អបរិយាកាសវិនិយោគ ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការគ្រប់គ្រងរោងចក្រនិងការសម្របសម្រួលឯកសារ និងបែបបទនាំចេញជូនវិស័យឯកជនថែមទៀត។
បន្ថែមលើសនេះ លោកស្រី ក៏បានសំណូមពររាជរដ្ឋាភិបាលកម្ពុជា រៀបចំកិច្ចឲ្យមានកិច្ចពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរ (អ្នកនាំចេញ និងអ្នកនាំចូល) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឲ្យបានកាន់តែប្រសើរ ហើយក្នុងនោះ កាណាដានឹងពិនិត្យលទ្ធភាពចូលរួមអភិវឌ្ឍន៍ធនធានមនុស្សឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់កាណាដា នៅចន្លោះឆ្នាំ ២០០១-២០១៦ មានកំណើនប្រមាណ១០០ដង ហើយសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៧នេះ ទំហំនាំចេញមានកំណើន ១៨.៣៦% ដែលលទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែង និងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ៕