(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ តាមរយៈសារលិខិតអបអរសាទរខួប ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ជាក់ថា នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា និងក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ចំណែកប្រជាជនកម្ពុជា ចេញទៅទស្សនាកម្សាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងផងដែរ។
លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់យ៉ាងដូច្នេះថា «នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុនមកកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុនធ្វើវិនិយោគនៅកម្ពុជា មានការកើនឡើង។ ចំណែកឯប្រជាជនកម្ពុជា ដែលមកកម្សាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា បានចូលប្រកួតក្នុងក្លឹបបាល់ទាត់ Fujieda MYFC នៅប្រទេសជប៉ុន ជាលើកទីមួយ»។
ការមើលឃើញរបស់ប្រមុខដឹកនាំជប៉ុនដូចនេះ ស្របទៅនឹងនិន្នាការនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទិសដៅទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន ឲ្យមកទស្សនាកម្សាន្ត និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ខណៈទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា តែងតែលើកសរសើរពីការគោរពច្បាប់ និងសិទ្ធិមនុស្សបានយ៉ាងល្អត្រឹមត្រូវជាមួយលក្ខខ័ណ្ឌការងារល្អប្រសើរថែមទៀត។
ជាមួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតទាំងនេះ កម្ពុជា-ជប៉ុន ក៏បានតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់រាជធានីតូក្យូផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ ANA ដែលបានបើកសម្ពោធជើងហោះហើររបស់ខ្លួន កាលពីពេលកន្លងទៅ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួន ២,៦៦២,៦៧៩នាក់ កើនឡើង ១២.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ក្នុងនោះមានទេសចរជប៉ុនចំនួន ៩៨,៣១៤នាក់ កើនឡើង ៨.២%។ ដោយឡែកទេសចរជាតិដែលចេញទៅក្រៅប្រទេសមានចំនួន ៨៤២,០០៨នាក់ កើនឡើង ២០.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦៕