(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀតហើយឈ្មោះថា «ដេប៉ូ TELA» ស្ថិតនៅថ្នល់បំបែកចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ បានលក់ចំណុះប្រេងមិនត្រូវទៅតាមកុងទ័រនោះឡើយ។
ស្ថានីយប្រេងដែលលក់ចំណុះប្រេងមិនត្រូវតាមកុងទ័រត្រូវបានរកឃើញនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ក្នុងពេលក្រុមការងាររបស់នាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលដឹកនាំដោយ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានបានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួនមានទីតាំងនៅរង្វង់មូលចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ការត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
លោក មាន ចំណាប់ បានឲ្យ Fresh News ដឹងថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនិងកន្លែងដូចជា ធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្សន៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95) និង Regular(92)។
បើតាមលោកអនុប្រធាននាយកដ្ឋាន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ ០៣កន្លែងនៅទីតាំងខាងលើនេះ គឺមាន ០២កន្លែង លក់បានត្រឹមត្រូវទាំងផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ។ ចំណែកដេប៉ូ ០១កន្លែងទៀតគឺ ដេប៉ូ TELA ថ្នល់បំបែកចោមចៅ មានបញ្ហាកង្វះបរិមាណប្រេងមិនឆ្លើយតបលេខកុងទ័រ។ មន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ ដេប៉ូធ្វើកិច្ចសន្យា កែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លោក មាន ចំណាប់ បានថ្លែងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយនៅទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។
លោក ចំណាប់ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនមានទំនុកចិត្ត ប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មីផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ដោយពិនិត្យលេខកុងទ័រ៕