(ជប៉ុន)៖ ឆ្លើយតបនឹងសំណួររបស់វិនិយោគិនជប៉ុន ក្នុងសិក្ខាសាលាស្ដីពី ការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ នារសៀលថ្ងៃទី០៨ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបរាប់ពីប្រវត្តិនៃការប្រើប្រាស់រូបិយប័ណ្ណក្នុងទីផ្សារកម្ពុជា ដោយសម្តេចសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់ធ្វើរៀលរូបនីយកម្មនោះទេ មានតែលើកទឹកចិត្ត ឲ្យមានការប្រើប្រាស់ប្រាក់រៀល ប៉ុន្តែក៏មិនបង្ខំឲ្យវិនិយោគិន យកប្រាក់ដុល្លារដូរយកប្រាក់រៀល ដើម្បីធ្វើប្រតិបត្តិការអាជីកម្មនៅកម្ពុជាដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបានថ្លែងបញ្ជាក់ថា នៅលើលោកនេះ គ្មានប្រទេសណាមួយ ដូចប្រទេសកម្ពុជាទេ នៅត្រង់ថា របប ប៉ុល ពត បានលុបចោលនូវការចាយវាយប្រាក់កាស ក្នុងដំណាក់កាលដែលពួកគេកាន់អំណាច។ សម្តេចបន្តថា លើពិភពលោកមានការផ្លាស់ប្ដូររបបដឹកនាំ ប៉ុន្ដែគេមិនបានផ្លាស់ប្ដូរ ឬបិទចោលនូវរូបិយប័ណ្ណរបស់ខ្លួនឡើយ គេអាចបោះពុម្ភនូវក្រដាសប្រាក់ថ្មី ដើម្បីដូរជាមួយក្រដាសប្រាក់ចាស់ ប៉ុន្ដែសម្រាប់ ប៉ុល ពត វិញ បានដកហូតកម្មសិទ្ធិទាំងអស់របស់ប្រជាជន ទាំងផ្ទះសំប្បែង ទ្រព្យសម្បត្តិ ដីស្រែចំការ រាប់ទាំងកម្មសិទ្ធិមនោសញ្ចេតនា សូម្បីតែការស្រលាញ់គ្នា ប្ដីប្រពន្ធគ្នា សិទ្ធិនឹងស្រលាញ់គ្នានោះទេ ក៏មានអង្គការចាត់តាំងរៀបចំការអប់រំដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រោយពីរបប ប៉ុល ពត ដួលរលំ ប្រទេសកម្ពុជាចាប់ផ្ដើមប្រើប្រាស់ឧបករណ៍ ដើម្បីធ្វើការផ្លាស់ប្ដូរ (ដោះដូរ) ដែលនៅពេលនោះ គឺប្រើប្រាស់របស់ដូរនឹងរបស់ ដើម្បីជាការជួញដូររវាងគ្នានឹងគ្នា។ សម្តេចបានលើកជាឧទាហរណ៍ថា «ខ្ញុំមានត្រីត្រូវយកទៅលក់ ដោយដូរយកជាអង្ករ អ្នកមានអង្ករ ត្រូវដូរជាមួយនឹងអ្វីដែលជារបស់ត្រូវការ។ បន្ទាប់មកទៀត ក៏ចាប់ផ្ដើមមានការចាយវាយ នូវប្រាក់កាសដែលមានដូចជា មាស, ប្រាក់ ឬក៏អ្វីផ្សេងទៀតដែរអាចផ្លាស់ប្ដូរបាន»។
សម្តេចតេជោ បានលើកឡើងទៀតថា នៅឆ្នាំ១៩៨០ កម្ពុជាបានបោះពុម្ភនូវក្រដាសប្រាក់ ឲ្យមានការចាយវាយនៅក្នុងប្រទេស ប៉ុន្ដែចរាចរណ៍នៃក្រដាសប្រាក់សភាពយឺត ដែលក្នុងពេលនោះ ក៏ចាប់ផ្ដើមឲ្យមានការចាយវាយនូវប្រាក់បាត នៅភាគខាងលិច (ខេត្តជាប់ប្រទេសថៃ) និងប្រាក់ដុង ក៏មានការប្រើប្រាស់នៅភាគខាងកើត ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយនៅភាគខាងជើងនៃប្រទេស ក៏មានការប្រើប្រាស់ប្រាក់គីប របស់ឡាវ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ទន្ទឹមជាមួយគ្នានេះ ដោយសារតែមានបងប្អូនខ្មែរមួយចំនួនរស់នៅក្រៅប្រទេស ពួកគេបានបញ្ចូនប្រាក់ចូលមកកម្ពុជា ក៏មានការប្រើប្រាស់ប្រាក់ដុល្លារ ប្រាក់ហ្វ្រង់ របស់បារាំង ប្រាក់របស់ស្វីស និងប្រាក់របស់រុស្សីជាដើម ហើយនៅជំនាន់ អ៊ុនតាក់ ប្រាក់ដុល្លារបានហូរចូលមកទីផ្សារកម្ពុជាយ៉ាងគំហុក ក្នុង១៩៩២ និងឆ្នាំ១៩៩៣។
សម្ដេចតេជោ ប្រាប់ដល់់វិនិយោគិនជប៉ុនថា «ខ្ញុំគិតថា មិនត្រូវប្រញាប់ប្រញាល់ពេកទេ កុំបង្ខំ ហើយខ្ញុំអាចគិតបានថា ពេលដែលវិបត្តិហិរញ្ញវត្ថុនៅអាស៊ីចាប់ផ្ដើម ជាមួយនឹងការធ្លាក់ចុះនៃតម្លៃប្រាក់បាត មានចំណែកមួយដែលជួយកម្ពុជា មិនឲ្យធ្លាក់ចូលក្នុងវិបត្តិ គឺពេលនោះ ក៏មានចំណែកនៃការដែលយើងខ្ញុំ អនុញ្ញាតឲ្យទីផ្សារកាត់សេចក្ដីតាមរយៈ តើប្រើប្រាស់រូបិយប័ណ្ណមួយណា? ដូចជាកម្មករ ដែលធ្វើការតាមបណ្ដារោងចក្រ សហគ្រាស បើសិនជាគេស្រុះស្រួលរវាងថៅកែ ជាមួយនឹងកម្មករ បើកជាប្រាក់រៀល ក៏សូមអញ្ជើញបើកប្រាក់រៀល បើកជាប្រាក់ដុល្លារ ក៏សូមអញ្ជើញបើកជាប្រាក់ដុល្លារ។ យើងខ្ញុំមិនទាន់ធ្វើរៀលរូបនីយកម្មឡើយ គឺលើកទឹកចិត្តឲ្យប្រើប្រាស់ប្រាក់រៀល ប៉ុន្ដែយើងមិនបានចាប់បង្ខំឲ្យវិនិយោគិននានា ឲ្យបញ្ចូលប្រាក់ដុល្លារ ដើម្បីដូរជារៀលយកទៅ សម្រាប់ការបើកប្រាក់បៀរវត្សឲ្យបុគ្គលិក កម្មករ របស់ខ្លួនទេ សូមមេត្តាកុំភ័ន្ដច្រឡំលើបញ្ហានេះ»។
សម្ដេចតេជោ លើកឡើងទៀតថា ការបើទូលាយក្នុងការប្រើប្រាស់បរទេស នៅទីផ្សារកម្ពុជា បានផ្ដល់នូវប្រយោជន៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដោយពួកគេអាចកាន់ប្រាក់របស់ប្រទេសពួកគេ មកចាយវាយនៅកម្ពុជាបាន ដោយមិនចាំបាច់ប្ដូរយកប្រាក់រៀល៕