(ភ្នំពេញ)៖ ខណៈដែលការលក់ Franchise នៃអាជីកម្មកាហ្វេ និងភេសជ្ជៈ កំពុងពេញនិយម នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ឆបឆា ត្រេឌីង ឯ.ក ដែលជាយីហោហាងតែបៃតង តែក្រហម កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងជំនួយស្មារតីល្បីមួយនៅប្រទេសថៃ កំពុងតែចាប់យកឱកាសនេះ ដើម្បីពង្រីកដៃគូរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ឆបឆា មានសាខាជាង៤០០កន្លែង នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ក្រុមហ៊ុននេះ បានមកដល់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦។ តំណាងក្រុមហ៊ុននេះ បាននិយាយថា «ពិតហើយទោះបីជាហាងទើបតែបើកអាជីវកម្មបានតែមួយឆ្នាំក៏យើងសង្ឃឹមថា មានការរីកចម្រើន និងទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ដែលនិយមពិសារតែបៃតង តែក្រហម និងកាហ្វេហ្វ្រែន ដែលមានគុណភាពខ្ពស់សម្រាប់បម្រើដល់អតិថិជន។
ឆបឆា បាននាំចូលនូវត្ថុធាតុដើមទាំងស្រុងពីក្រុមហ៊ុនមេនៅប្រទេសថៃ ដែលបានផ្តល់សិទ្ធធ្វើអាជីវកម្មពិសេសសម្រាប់ដំណើរនៅ ប្រទេសកម្ពុជា ហើយក្រុមហ៊ុន មានបំណងពង្រីកអាជីវកម្មរបស់បន្ថែមទៀតប្រសិនបើអតិថិជនបន្តគាំទ្រកាន់តែខ្លាំងឡើង។ សម្រាប់ ឆបឆា បច្ចុប្បន្ននេះមានហាងកុំពុងដំណើរការអាជីវកម្មនៅក្នុងក្រុងភ្នំពេញចំនួន៥ទីតាំង និងតាមបណ្តាលខេត្តមួយចំនួនទៀតរួមមាន៖ ខេត្តសៀមរាប និងមានគម្រោងបើកឲ្យដំណើរការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
ក្រុមហ៊ុន ឆបឆា កំពុងតែអនុវត្តយុទ្ធសាស្ត្រប្រតិបត្តិការរបស់ខ្លួន ព្រមទាំងការផ្តល់ឱកាសសិទ្ធិធ្វើអាជីវកម្មដល់ភាគីទី៣ផងដែរ។ ក្រុមហ៊ុនព្យាយាម ក្នុងរក្សាតុល្យភាពរវាងភាគីទាំងពីរ ហើយយុទ្ធសាស្ត្រនេះ និងអនុវត្តគ្រប់កន្លែងទាំងអស់ នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន មានគម្រោងពង្រីក អាជីវកម្មរបស់ខ្លួន នៅក្រៅក្រុងភ្នំពេញផងដែរ ដើម្បីទៅដល់គ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឆបឆាកំពុងព្យាយាមកំណត់ទិសដៅក្រុងសំខាន់ៗ ដូចជា៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តកំពង់ចាម។
ក្រុមហ៊ុនបានអះអាងថា ទោះជាមានដៃគូប្រកួតប្រជែងជាច្រើននៅកម្ពុជា នៅពេលនេះទាំងយីហោក្នុងស្រុក និងយីហោអន្តរជាតិ ប៉ុន្តែយើងគិតថា ពេលនេះ នៅតែមានឱកាសសម្រាប់អាជីវិកម្មតែបៃតង តែក្រហម កាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយសារតែអាជីវកម្មនេះ ជាវិស័យរីកចម្រើនរហ័ស។
ឆបឆា មិនផ្តោតលើការយកឈ្នះលើយីហោផ្សេងទៀតនោះទេ ប៉ុន្តែយើងផ្តោតខ្លាំងលើការកែលម្អខ្លួនឯងតាមរយៈការកែលម្អគុណភាពសេវា និងស្តង់ដារអាជីវកម្ម។ ដោយផ្តោតលើរបៀបដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍លើយីហោរបស់យើង និងរសជាតិ និងរបៀបធ្វើឲ្យអតិថិជន ចង់ត្រឡប់មកវិញដើម្បីប្រើប្រាស់សេវាសារជាថ្មី៕