(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ដឹកនាំប្រតិភូអន្តរមន្ទីរ ចុះត្រួតពិនិត្យការដ្ឋាន ពង្រីកកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីគុណភាពក្នុងការអ៊ុតកៅស៊ូបេទីម្មីន៍ របស់ក្រុមហ៊ុន ដាយអីម៉ិន ខនស្ត្រាក់សិន ដែលជាអ្នកម៉ៅការ ក្នុងការស្ថាបនាកំណត់ផ្លូវនេះ ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកត្រួតពិនិត្យបច្ចេកទេស។
អភិបាលខេត្តសៀមរាប បានធ្វើការណែនាំមួយចំនួន ដល់ប្រធានក្រុមវិស្វកម្មរបស់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាក់អ៊ុតក្រាលកៅស៊ូផ្លូវនេះ ដើមី្បធានាឲ្យបាននូវគុណភាពប្រើប្រាស់បានយូរអង្វែង ព្រោះថាផ្លូវនេះជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្នុងការបម្រើក្នុងវិស័យទេសចរណ៍ ក៏ដូចជា ការដឹកជញ្ជូនភោគផលកសិផលរបស់កសិករ និងជាសរសៃឈាមមួយ ដែលឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ក្នុងការបម្រើលើវិស័យសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។
លោក ឃឹម ប៊ុនសុង ប្រាប់ដល់មន្ទីរសាធារណការខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធលូ ក្នុងការបង្ហូរទឹកភ្លៀងចេញពីផ្លូវ ដើម្បីធានាឲ្យបាននូវគុណភាពផ្លូវ រឹងមាំ ព្រមទាំងធ្វើការថែរក្សាឲ្យបាននូវការ៉ូឡា ដែលបានក្រាលនៅលើចំណីផ្លូវ ដែលទុកសម្រាប់អ្នកថ្មើរជើងធ្វើដំណើរកម្សាន្ត សំខាន់ចំពោះភ្ញៀវទេសចរណ៍។
ម៉្យាងទៀតចំពោះមន្ត្រីសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ និងនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះគ្រប់យានយន្តទាំងអស់ មិនត្រូវមកយកចំណីផ្លូវ ឬដងផ្លូវទាំងនេះ ធ្វើជាចំណតរថយន្តឈ្នូល និងរថយន្តក្រុងរបស់ក្រុមហ៊ុនឡើយ គឺខេត្តយើងមានទីតាំងសម្រាប់ការចតរថយន្តរបស់បងប្អូនអ្នករត់ឈ្នូល និងដឹកទំនិញទាំងនៅខាងកើតក្រុង និងខាងលិចក្រុង។
លោកបានឲ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាននូវគ្រប់រថយន្តដឹកជញ្ជូនដី និងរថយន្តដឹក ទំនិញសំពីងសំពោងចូលក្រុងឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រមួយនេះ ដែលជាក្រុងបេក្ខភាព ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត តំបន់អាស៊ានខាងមុខនេះ។
ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបរបរលក់ដូរឲ្យភ្ញៀវនៅតាមរថយន្ត នៅតំបន់ភូមិចុងកៅស៊ូនោះ ពលរដ្ឋបានសម្ដែងនូវការសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានខិតខំក្នុងកិច្ចអភិវឌ្ឍប្រទេស សំខាន់លើផ្លូវថ្នល់ ដែលជាកត្តាចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើប្រាស្រ័យទាក់់ទងគ្នា លើការងារពាណិជ្ជ និងសេដ្ឋកិច្ច។
ម៉្យាងទៀត ការស្ថាបនាកំណាត់ផ្លូវនេះឡើង កាន់តែធ្វើឲ្យសោភណ្ឌភាពក្រុងសៀមរាប មានភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងធ្វើឲ្យកំណើនសេដ្ឋកិច្ច នៃក្រុមគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងទៀតផង៕