Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ស្នើឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ រិះរកវិធីសាស្ត្រធ្វើយ៉ាងណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាប

08-08-2017 17:25

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០១៧នេះ បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ រិះរកវិធីសាស្ដ្រធ្វើយ៉ាងណា ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឲ្យនៅកម្រិតទាប។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយផ្តោតសំខាន់ទៅលើបញ្ហាកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសផ្តោតសំខាន់លើការទប់ស្កាត់ និងបង្កាគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតកលាក់មុខ ដែលតែងតែកើតមានឡើង និងសម្លាប់មនុស្សមិនលោះថ្ងៃនោះ។

កិច្ចប្រជុំខាងលើនេះ ក៏មានការចូលពីលោកអភិបាលរងរាជធានី៤រូប, ស្នងការរាជធានី, ស្ថាប័នតុលាការ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដោយស្តាប់ពីលទ្ធផលនៃការអនុវត្តការងារ នៅក្នុងមួយខែកន្លងមក ដើម្បីរកវិធីសាស្ត្រថ្មីៗទៀត ធ្វើយ៉ាងណាឲ្យភ្នំពេញ មានស្ថេរភាព និងមានការអភិវឌ្ឍទៅមុខបន្ថែមទៀត។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នោះថា «នៅភ្នំពេញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាជាអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចត្រូវតែ យកចិត្តទុកដាក់ ដោយវាជាឃាតករលាក់មុខ សម្លាប់មនុស្សមិនតិចទេក្នុងមួយឆ្នាំៗ ដូច្នេះទេលោកស្នើដល់កម្លាំងមានសមត្ថកិច្ចទាំងអស់ រិះរកវិធីសាស្ត្រធ្វើយ៉ាងណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះឲ្យនៅកម្រិតទាប»

អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ អនុវត្តក្នុងការរិតបណ្តឹងច្បាប់ចរាចរ ដោយការរិតបណ្តឹងច្បាប់ចរាចរណ៍នេះ វាក៏ជាចំណែកមួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់អាវភ្លៀងមានចំណាំងផ្លាត ចំនួន៩០០អាវ ជូនដល់នគរបាលចរាចរណ៍នៃស្នងការរាជធានី ដើម្បីបំពេញការងារនារដូវវស្សានេះផងដែរ៕