(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមុខការពារ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះការលើកឡើងកាលពីសប្តាហ៍មុន ដែលថានឹងប្រដៅដល់ជនទាំងឡាយ ដែលមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោត ឆ្នាំ២០១៨។ លោក កែវ រ៉េមី បានថ្លែងថា ការលើកឡើងនេះ មិនមែនជាការគំរាមនោះទេ ប៉ុន្តែជាការអប់រំតាមច្បាប់ប៉ុណ្ណោះ។
ការអះអាងរបស់ ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា បានធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកទទួលជួប លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបាននិងកំពុងមកបំពេញទស្សនកិច្ច នៅកម្ពុជាជាថ្មីរយៈពេល១០ថ្ងៃ។
នៅក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានសម្តែងការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីមានការលើកឡើងរបស់ លោករដ្ឋមន្រ្តី វង សូត ដែលថា អ្នកណាដែលមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត នៅឆ្នាំ២០១៨ នឹងត្រូវក្បាលនឹងគល់ឫស្ស៊ី។
ឆ្លើយតបចំពោះការព្រួយបារម្ភនេះ លោក កែវ រ៉េមី បានបញ្ជាក់ថា ការលើកឡើងរបស់ លោក វង សូត គឺជាការអប់រំដល់ អ្នកមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតជាមុន មិនមែនគំរាមកំហែងទេ។ លោកថ្លែងថា កម្ពុជាមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាច្រើនលើកច្រើនសារ ហើយមាន ការឯកភាពីគណបក្សនយោបាយក្នុងរដ្ឋសភា ដូច្នេះបោះឆ្នោតរួចហើយ ត្រូវតែទទួលស្គាល់លទ្ធផលបោះឆ្នោត ព្រោះក្នុងច្បាប់មានចែងថា បើមិនទទួលស្គាល់ទេ នឹងដាក់ទោសទណ្ឌទៅលើគណបក្សនយោបាយ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ គណបក្សប្រឆាំងដែលចាញ់ឆ្នោត ពុំបានទទួលស្គាល់លទ្ធផលបោះឆ្នោតភ្លាមៗឡើយ ហើយធ្វើបាតុកម្មតវ៉ា រយៈពេលមួយឆ្នាំ។ ប៉ុន្តែក្រោយការចរចានយោបាយ នៅឆ្នាំ២០១៤ ទើបគណបក្សប្រឆាំង ចូលកាន់តំណែង និងទទួលប្រាក់ខែ នៅក្នុងរដ្ឋសភា៕