(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍ច្រកទា្វរ អន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល និងក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ នៅថ្ងៃត្រង់ទី៨ ខែសីហា ឆ្នាំ២០១៧ បានបង្ក្រាបការនាំចូលសាច់មាន់ ឆ្អឹងមាន់ ជើងមាន់ និងជង្គង់មាន់ដែលខូចគុណភាពចំនួន៨៣០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃតាមច្រកទា្វរ អន្តរជាតិប៉ោយប៉ែត។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Fresh News ថា «សាច់មាន់ ឆ្អឹងមាន់ ជើងមាន់ និងជង្គង់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវមន្រ្តីយើងចាប់បាន បន្ទាប់ពីមន្រ្តីជំនាញបានស៊ើប អង្កេតឃ្លាំមើលជាប្រចាំទើបឈានដល់ធ្វើការបង្រ្កាបបានតែម្តង»។
សម្រាប់សាច់មាន់ខូចគុណភាពទាំងនេះ ត្រូវបានក្រុមការងារ យកទៅដុតកម្ទេចចោលនៅរសៀលថ្ងៃដដែល ស្ថិតនៅក្នុងបរិវេណ កាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែតតែម្តង។
ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញ ខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃ ដល់អ្នកប្រើប្រាស់ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ។
លោកបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញ ក្នុងផ្សារត្រូវសហការអនុវត្ត ឲ្យបានល្អ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពនេះ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាពយើងទាំងគ្នា៕