(បន្ទាយមានជ័យ)៖ កូនប្រុសស្រីចំនួន៥នាក់ កំព្រាម្តាយស្លាប់ចោលយប់មិញ ដោយពេលនេះរស់នៅជាមួយឪពុក ក្នុងផ្ទះជួល ហើយប្រកបរបរអូសរទះលក់ចេកអាំង ដើម្បីចិញ្ចឹមជីវិត រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដង្ហើយរកសប្បុរសជនឲ្យជួយ។
ឪពុក សុខ ឃឿន អាយុ ៣៧ឆ្នាំនៅផ្ទះជួល បានរៀបរាប់ទឹកភ្នែកអួលដើមក នារសៀលថ្ងៃទី៨ ខែសីហានេះថា ភរិយាមានឈ្មោះ សេង ណេន អាយុ៣៩ឆ្នាំ ស្លាប់ដោយសារមានជម្ងឺធ្ងន់ ឈឺត្រង់ដើមទ្រូងខ្លាំងនាយប់មិញថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ហើយលោកបានដឹកតាមម៉ូតូឌុប ទៅកាន់មន្ទីរពេទ្យឯកជន តែពេលទៅដល់ក្រុមគ្រូពេទ្យថា ជម្ងឺធ្ងន់ណាស់ទាល់តែបញ្ជូនទៅកាន់មន្ទីរបង្អែកល្អជាង។
ពេលនោះលោកបានដឹកយកប្រពន្ធតាមម៉ូតូឌុប តែពេលទៅដល់មន្ទីរពេទ្យភ្លាម ប្រពន្ធរបស់លោកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ គាត់បន្តថា កាលពី៣ឆ្នាំមុន ប្រពន្ធលោកមានជម្ងឺគ្រួសក្នុងកំត្រង់នោម ហើយបានជាសះស្បើយហើយ ចុះហេតុអីបានជាប្រពន្ធរបស់លោក នៅពេលនេះឈឺដើមទ្រូងទៅវិញ។
គាត់បន្ថែមថា កូនប្រុសស្រីទាំង៥នាក់ ទី១ឈ្មោះ ថន ផាន់ណា ភេទប្រុស អាយុ១១ឆ្នាំ ទី២ឈ្មោះ ថនស្រីនូ ភេទស្រី អាយុ១០ឆ្នាំ ទី៣ឈ្មោះ ថន ស្រីនាង ភេទស្រី អាយុ៨ឆ្នាំ ទី៤ឈ្មោះ ថន ស្រីណុច ភេទស្រី អាយុ ៦ឆ្នាំ និងទី៥ឈ្មោះ ថនផានិត ភេទប្រុស អាយុ៣ឆ្នាំ។
ចុងក្រោយ បុរសពោះម៉ាយចិញ្ចឹមបីបាច់កូនប្រុសស្រី៥នាក់ មានតែម្រាមដៃដប់ សំពះអំពាវនាវដល់ សប្បុរសជន ដែលមានក្តីអាណិត ដល់ក្មេងតូចៗ ដែលកំព្រាម្តាយនេះផង។ បើសិនឯកឧត្តមលោក លោកស្រីមានចិត្ត ជ្រះថ្លា ចង់ជួយក្មេង ប្រុសស្រី ទាំង៥នាក់ ដែលកំព្រាម្តាយនេះ លោកអ្នកអាច ទំនាក់ទំនង ទូរស័ព្ទលេខ ០៩៦ ៨៦៦៧៤០៨ សូមអគុណ ដល់សប្បុរសជនទុកជាមុន៕